វេជ្ជបណ្ឌិតមិញ ចាន់ភក្ដី៖ អ្នកកើតជំងឺទឹកនោមផ្អែមចៀសវាងដាច់ខាតអាហារទាំងប៉ុន្មាននេះ

ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមរួច គិតថានេះគឺជាពេលវេលាមួយដែលពិបាកណាស់ទៅហើយពីថែរក្សាខ្លួន​មិនឲ្យប៉ះទង្គិចពីរបស់អ្វីមួយ ពិសេសក្នុងការតមនូវចំណីអាហារផ្សេងៗដើម្បីទប់ស្កាត់ពីជំងឺមួយនេះកុំឲ្យកាន់តែរីករាលដាលទៅមុខទៀត។ តាមរយៈកិច្ចសម្ភាសន៏មួយលោកវេជ្ជបណ្ឌិតមិញ ចាន់ភក្ដី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមដែលធ្លាប់បម្រើការនៅមន្ទីពេទ្យពហុព្យាបាលអន្ដរជាតិ ខេមា ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Sky Family Clinic ក៏បានលើកពីអាហារដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរចៀសវាងកុំឱ្យជំងឺទ្រុឌទ្រោម៖

-បាយស៖ បាយសគឺមានបរិមាណគ្លុយកូស(ជាតិស្ករ)ខ្ពស់​ដែលប៉ះពាល់ខ្លាំងចំពោះអ្នកជំងឺទឹកនោមផ្អែម ព្រោះបាយសងាយនឹងបំបែកជាតិស្ករទៅក្នុងខ្លួនយ៉ាងឆាប់រហ័ស។ យល់ល្អលោកសូមណែនាំឲ្យអ្នកជំងឺងាកមកញុំាបាយអង្ករសម្រូបវិញ ព្រោះបាយអង្ករសម្រូបនេះវាបញ្ចេញនូវបរិមាណជាតិស្ករតិច បើធៀបនឹងអង្ករសរធម្មតា។

-ដំឡូង៖ ចំពោះមើមដំឡូងគឺវាមានជាតិស្ករខ្ពស់ ប្រសិនបើញុំាវា វាបង្កើនជាតិស្ករខ្លំាងនៅក្នុងឈាមហេតុនេះជាហានិភ័យចំពោះអ្នកកើតជំងឺទឺកនោមផ្អែម។

-អាហារបំពង៖ អាហារដែលមានជាតិខ្លាញ់ដូចជា ចេកចៀន ដំឡូងចៀន ស្លាបមាន់បំពង…ពួកវាសម្បូរដោយបរិមាណកាឡូរីខ្ពស់ និងខ្លាញ់ឆ្អែតដែលធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមរឹតតែបង្ករផលប៉ះពាល់ខ្លាំងចំពោះពួកគាត់។ ក្រៅពីអាហារខាងលើនេះក៏មានអាហារជាច្រើនទៀតដែលបង្កផលប៉ពាល់ខ្លាំងចំពោះអ្នកកើតជំងឺទឹកនោមផ្អែមផងដែរដូចជា ស៊ុត មី គុយទាវ នំខេក ក្រែម និងទឹកក្រូច… ។

លើសពីនេះអ្នកជំងឺទឹកនោមផ្អែមគួរងាកមកបរិភោគអាហារដែលល្អសម្រាប់ពួកគេវិញមានដូចជា បន្លែបៃតង ត្រី គ្រឿងសមុទ្រ ផ្សិត ក្រូច ចេក និងឪឡឹក​ជាដើម។

ជាសារចុងក្រោយលោកវេជ្ជបណ្ឌិតសូមក្រើនរំលឹកទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យចិត្ដទុកដាក់ចំពោះការញុំាចំណីអាហារ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះសុខភាពហើយ​ប្រសិនបើយើងជ្រើសរើសវាមិនបានត្រឹមត្រូវទេវានឹងបង្ករឲ្យយើងធ្លាក់ក្នុងជំងឺដ៏ច្រើនមុខជាមិនខាន។

អត្ថបទដោយ៖ ភី សៅឌី

Leave a Reply

Your email address will not be published. Required fields are marked *