វេជ្ជ.គួច ម៉េងលី ប្រាប់វិធីជ្រើសរើសទឹកដោះគោ៣ប្រភេទផឹកតាមវ័យ គ្មានជំងឺ ជួយឆ្អឹងលូតលាស់ល្អ

សុខភាពល្អឬមិនល្អ អាស្រ័យលើការហូបចុករបស់យើងជារៀងរាល់ថ្ងៃ។ រីឯក្រុមអាហារសំខាន់បំផុតដែលរាងកាយត្រូវការជាចាំបាច់នោះ គឺចែកចេញជា៤ក្រុមធំៗមាន ក្រុមសាច់និងត្រី ក្រុមបន្លែផ្លែឈើ ក្រុមបាយនិងនំបុ័ង និងក្រុមទឹកដោះគោ។ ប្រសិនបើអ្នកបានផ្ដល់ចំណីចំគោលដៅឱ្យរាងកាយ នោះរាងកាយរបស់អ្នកនឹងរឹងមាំ មិនងាយមានជំងឺណាជ្រៀតចូលបានឡើយ។

អ្វីដែលសំខាន់ក្នុងចំណោមក្រុមអាហារទាំង៤ខាងលើ សង្កេតឃើញថាទឹកដោះគោត្រូវបានមើលរំលង ទាំងដែលនេះជាអាហារសំខាន់និងចាំបាច់បំផុតរបស់រាងកាយ។ យោងតាមប្រសាសរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថាដោយសារតែបងប្អូនខ្មែរយើងមើលរំលងទឹកដោះគោ ទើបធ្វើឱ្យសុខភាពមិនរឹងមាំ ឆាប់ឈឺខ្នងឈឺចង្កេះ ដៃជើង ឆ្អឹងមិនសូវលូតលាស់ ងាយនឹងបាក់ឆ្អឹង ងាយពិការភាពទាំងវ័យក្មេង។ ទឹកដោះគោស្រស់មាន៣ប្រភេទ ដែលអាចរកទិញមកពិសារតាមវ័យបានដូចខាងក្រោម៖

ទឹកដោះគោ Whole milk សម្បូរសារធាតុចិញ្ចឹមសម្រាប់ក្មេងដែលត្រូវការការលូតលាស់ ។

ទឹកដោះគោ 2% Milk ទឹកដោះគោប្រភេទនេះ សម្រាប់យុវជនដែលលូតលាស់ហើយ ផឹកដើម្បីរក្សាឆ្អឹងឱ្យរឹងមាំ មិនឱ្យឡើងគីឡូ ឬធាត់ ជួយរាងកាយលូតលាស់រឹងមាំបានល្អមិនងាយឈឺ។

ទឹកដោះគោ Skim Milk សម្រាប់មនុស្សចាស់ ផឹកដើម្បីថែរក្សាឆ្អឹងរបស់ពួកគាត់ ហើយមិនធ្វើឱ្យឡើងគីឡូនោះទេ ព្រោះទឹកដោះគោប្រភេទនេះ គ្មានជាតិខ្លាញ់។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបន្ថែមថា ទឹកដោះគោជាអាហារដែលចាំបាច់ ដែលអាចផឹកបានចាប់ពីក្មេងវ័យ១២ខែ រហូតដល់មនុស្សចាស់។ ក្រៅពីទឹកដោះគោស្រស់ក៏អាចទទួលទានអាហារដែលផ្សំពីទឹកដោះគោ ដូចជាយ៉ាអួ ឈីស ប៉ុន្តែអាចជ្រើសយកប្រភេទមានជាតិស្ករទាប។ ​លោក វេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា គួរនាំចូលទឹកដោះគោដែលល្អសម្រាប់សុខភាពបែបនេះមកលក់ឱ្យបានច្រើន ព្រោះវាល្អសម្រាប់ប្រជាពលរដ្ឋ។

បងប្អូនអាចរកទិញទឹកដោះគោទាំង៣ប្រភេទខាងលើ នៅតាមទីផ្សារ ហើយអាចជ្រើសយកយីហោមួយណាក៏បាន ដោយគ្រាន់តែមើលប្រភេទរបស់វាដូចបានប្រាប់ខាងលើ នៅលើសំបកដប។ ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ នឹងជួយកាត់បន្ថយហានិភ័យកើតជំងឺផ្សេងៗ បង្កើនប្រព័ន្ធភាពស៊ាំ ក្មេងៗលូតលាស់បានល្អ មិនតូចក្រិន រីឯមនុស្សចាស់ក៏មានសុខភាពរឹងមាំបានយូរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *