ប្រភេទអាហារទាំង៤ ដែលស្រ្តីញុំាញឹកញាប់អាចបង្កជំងឺស្បូន​ធ្ងន់ធ្ងរ មហារីកមាត់ស្បូន និងគ្មានកូន

Endometriosis គឺជាជំងឺមួយដែលជាលិកាស្បូនលូតលាស់ដុះនៅខាងក្រៅស្បូន ហើយជាលិកានោះត្រូវបានគេ ហៅថា endometrium ដែលបង្កឱ្យមានការឈឺចាប់នៅក្នុងតំបន់អាងត្រគាក ពិសេសអំឡុងពេលមានរដូវ ហើយអាចរាលដាលដល់ដៃស្បូន អូវែរ និងជាលិការនៅតំបន់ឆ្អឹងអាងត្រគាក។ បច្ចុប្បន្ន ជំងឺនេះមិនទាន់អាចព្យាបាលជាសះស្បើយបានទេ តែអាចគ្រប់គ្រងរោគសញ្ញាបាន។ តែប្រសិនបើទុកយូរ និងមិនបានព្យាបាលឱ្យបានត្រឹមត្រូវ វានឹងកាន់តែធ្ងន់ធ្ងរទៅៗ អាចនាំឱ្យស្ត្រីប្រឈមនឹងការគ្មានកូន និងហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ យោងតាម Endometriosis Organization ស្ត្រី ០១ នាក់ ក្នុងចំនោមស្ត្រី ១០ នាក់នៅសហរដ្ឋអាមេរិកមានជំងឺ endometriosis។

រោគសញ្ញានៃជំងឺ endometriosis រួមមាន៖

១) ឈឺនៅតំបន់អាងត្រគាក

២) ឈឺចាប់ខ្លាំងពេលកំពុងនិងក្រោយរួមភេទ

៣) ឈឺក្នុងពោះវៀន និងឈឺចាប់ពេលនោម

៤) មានរដូវធ្លាក់ឈាមច្រើន

៥) អស់កម្លាំង

៦) រាគ ឫទល់លាមក

៧) ហើមពោះ

៨) ឈឺខ្នង

៩) រមួលក្រពើ…។

ខាងក្រោមនេះជារបបអាហារទាំង ៤ ដែលបង្កើនហានិភ័យនៃការកើតជំងឺ endometriosis និងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ សម្រាប់ស្ត្រីដែលមានជំងឺ endometriosis ស្រាប់៖

១) អាហារមានជាតិខ្លាញ់ឆ្អែត

ខ្លាញ់ដែលផ្តល់ផលវិជ្ជមានដល់សុខភាពគឺជាអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានក្នុងខ្លាញ់ត្រី ដូចជាត្រីសាលម៉ុង និងប្រេងអូលីវជួយកាត់បន្ថយជំងឺ endometriosis ខណៈខ្លាញ់ឆ្អែត ឫខ្លាញ់មិនល្អបង្កើនហានិភ័យនៃជំងឺ endometriosis ចំពោះស្ត្រី។ យោងតាមគេហទំព័រ endometriosis.org បានបង្ហាញថាស្ត្រីដែលញ៉ាំអាហារមានជាតិខ្លាញ់ឆ្អែត ឫខ្លាញ់មិនល្អ (ដូចជាខ្លាញ់ដែលចម្រាញ់ពីសាច់សត្វ ឫប្រេងឆាឆ្លងកាត់ការកែច្នៃ មានជាតិ Cholesterol ខ្ពស់មានក្នុងដំឡូងបារាំង នំដូណាត់ ឃុកឃី នំសូកូឡា ម៉ាហ្គារីន សាច់មាន់ចៀននិង អាហារបំពង) ច្រើនធ្វើឱ្យមានការកើនឡើងនៃ prostaglandin ដែលបង្កជាការរលាក បង្កើនសកម្មភាពប្រព័ន្ធដុំសាច់ជាមួយនឹង necrosis ខ្ពស់ ធ្វើឱ្យមានការប្រមូលផ្តុំប្លាស្មាខ្ពស់ជាង IL-6 និង C-reactive protein ធ្វើឱ្យខ្លាំងជ្រុល ដែលអាចបង្កជំងឺ endometriosis។

២) សាច់ក្រហម

តាមលទ្ធផលនៃការស្រាវជ្រាវរបស់ Reproductive BioMedicine សិក្សាពីទំនាក់ទំនងរវាងរបបអាហារនិងហានិភ័យនៃការកើតជំងឺ endometriosis ដឹកនាំដោយលោកវេជ្ជបណ្ឌិត Parazzini Fabio បានបង្ហាញថាសាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក ជាប្រភពចម្បងនៃខ្លាញ់ឆ្អែត និងមានផ្ទុក Gluten ហើយពេលអ្នកញ៉ាំវាច្រើនញឹកញាប់អាចធ្វើឱ្យកំហាប់អរម៉ូន oestradiol និង oestrone sulphate ក្នុងឈាមកើនឡើងខ្ពស់ ធ្វើឱ្យមានការប្រមូលផ្តុំអរម៉ូន steroid ដែលធ្វើឱ្យកើនឡើងហានិភ័យនៃការកើតជំងឺ endometriosis។

៣) គ្រឿងស្រវឹង

តាមធម្មជាតិ អរម៉ូនអ៊ឹស្ត្រូសែនធ្វើឱ្យស្បូនឡើងក្រាស់អំឡុងពេលមានរដូវ។ ជាតិអាល់កុលមានផ្ទុក phytoestrogens ក្នុងគ្រឿងស្រវឹងដែលបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលបង្កភាពមិនប្រក្រតីនៃដំណើរការរបស់ស្បូន បង្កើនហានិភ័យនៃជំងឺ endometriosis។

៤) អាហារមានជាតិកាហ្វេអ៊ីន

តាមរយៈការសិក្សាស្រាវជ្រាវខាងលើបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេ ឫភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន(ដូចជាភេសជ្ជៈប៉ូវកម្លាំង) និងហានិភ័យនៃជំងឺ endometriosis ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យមានការការផ្លាស់ប្តូរអ័រម៉ូន globulin, testosterone និង oestrogens ដែលធ្វើឱ្យកើនហានិភ័យនៃជំងឺ endometriosis។

ទោះបីជា endometriosis មិនអាចព្យាបាលជាសះស្បើយ តែអាចការពារបាន បើមិត្តនារីយកចិត្តទុកដាក់ថែរក្សាសុខភាព មានទម្លាប់ល្អៗ ដើម្បីមានសុខភាពល្អដូចជាការគ្រប់គ្រងលើរបបអាហារប្រចាំថ្ងៃ និងលំហាត់ប្រាណឱ្យបានទៀងទាត់។

ខាងក្រោមនេះជារបបអាហារដែលមានតុល្យភាព និងមានជីវជាតិល្អ សម្បូរដោយវីតាមីន និងសារធាតុរ៉ែ ដែលអាចជួយអ្នកបង្ការ និងគ្រប់គ្រងរោគសញ្ញានៃជំងឺ endometriosis ដកស្រង់ចេញពីគេហទំព័រសុខភាពធំមួយរបស់អាមេរិក Healthline ៖

១) អាហារដែលមានជាតិសរសៃដូចជាផ្លែឈើ បន្លែ

២) គ្រាប់ធញ្ញជាតិ

៣) អាហារដែលសំបូរទៅដោយជាតិដែក ដូចជាបន្លែស្លឹកបៃតងខ្មៅ ខាត់ណាខៀវ សណ្តែក

៤) អាហារដែលអាស៊ីតខ្លាញ់ល្អ និង Omega 3 ដូចជាត្រី ត្រីសាម៉ុង

៥)អាហារដែលសំបូរទៅដោយអង់ទីអុកស៊ីដង់ មាននៅក្នុងផ្លែឈើ និងបន្លែចម្រុះពណ៌ដូចជា ផ្លែក្រូច ផ្លែប៊ឺរី សូកូឡាខ្មៅ…។

មើលថែលើរបបអាហារមិនគ្រប់គ្រានទេ ផងដែរ អ្នកត្រូវយកចិត្តទុកដាក់លើការធ្វើលំហាត់ប្រាណ ដើម្បីកាត់បន្ថយកម្រិតអរម៉ូនអ៊ឹស្ត្រូសែន និងជួយអ្នកបញ្ចេញអរម៉ូនដែលធ្វើឱ្យមាន “អារម្មណ៍ល្អៗ រីករាយ” ដូចជា ដើរ ជិះកង់ រត់ សមាធិ យោគៈ ម៉ាស្សា។

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងជួបជាមួយអ្នកជំនាញខាងចំណីអាហារ ដើម្បីបង្កើតផែនការសកម្មភាព ដើម្បីគ្រប់គ្រងសុខភាពរបស់អ្នក ព្រោះរាងកាយរបស់មនុស្សគ្រប់គ្នាគឺខុសៗគ្នា ដូចនេះ វាតម្រូវតាមតម្រូវការជាក់ស្ដែងរបស់បុគ្គល។

Leave a Reply

Your email address will not be published. Required fields are marked *