លំនៅឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប ត្រូវ​បាន​​បើក​ការដ្ឋាន​សាងសង់​ហើយ ចំណែកប្រាក់កក់មុនវិញពិតជាមិនគួរឲ្យជឿ

Loading...

(ភ្នំពេញ)៖ ដោយមើលឃើញពីភាពចំបាច់នៃតម្រូវការភាពជាម្ចាស់ផ្ទះពេញសិទ្ធិនៃពលរដ្ឋកម្ពុជា ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) សម្រេចបោះទុនវិនិយោគទឹកប្រាក់៧០លានដុល្លារអាមេរិក សាងសង់លំនៅដ្ឋានបែបខុនដូរ ដែលមានតម្លៃមធ្យម សម្រាប់លក់ជូន​ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញផ្ទះនៅដោយខ្លួន​​ឯងបាន ហើយការ​ទិញលំនៅដ្ឋាន​នេះ​ក្រុមហ៊ុន អារ៉ាកាវ៉ា មិនតម្រូវឲ្យបង់ប្រាក់កក់មុននោះឡើយ។



ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅដ្ឋាន «អារ៉ាខាវ៉ា» នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ លោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិក នៃក្រុមហ៊ុនអារ៉ាខាវ៉ា បានថ្លែងឲ្យដឹងថា «ការសម្រេចចិត្តបោះទុនវិនិយោគនេះក្នុង គោលបំណងជួយដោះស្រាយលំនៅដ្ឋានចំពោះប្រជាពលរដ្ឋ ដែលមានចំណូលមធ្យមតាមរយៈការអភិវឌ្ឍន៍លំនៅដ្ឋានដែលមាន​តម្លៃសមរម្យ...យើងបានប្ដេជ្ញាយ៉ាងមុតមាំថានឹងសាងសង់លំនៅដ្ឋានដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ»។

លោកបានបន្ដទៀតថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទិញលំនៅដ្ឋានក្រុមហ៊ុនមិនតម្រូវឲ្យពលរដ្ឋកម្ពុជា​បង់ប្រាក់​កក់មុន ​សម្រាប់ការសាងសង់នោះឡើយ ហើយក្រុមហ៊ុនក៏មិនចង់ឲ្យពលរដ្ឋរង់ចាំបង់ថ្លៃសរុប នៅពេលសាងសង់រួចឡើយដោយសារតែ​ប្រាក់​ដែលត្រូវបង់នោះមានចំនួនច្រើនពេក ហេតុដូច្នេះហើយទើបក្រុមហ៊ុនបង្កើត គណនេយ្យសន្សំមួយ ដោយ​តម្រូវឲ្យពលរដ្ឋត្រូវដាក់ប្រាក់​​ប្រចាំខែសន្សំនៅក្នុងនោះ នៅពេលដែលការសាងសង់បានបញ្ចប់ ពលរដ្ឋទាំងអស់គ្រាន់តែយកប្រាក់មកបង្គ្រប់ជាការស្រេច។

លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បើតាមលោកសហស្ថាបនិក នៃ​ក្រុមហ៊ុន អារ៉ាកាវ៉ា បានប្ដេជ្ញាធ្វើគម្រោងសាងសង់នេះឲ្យបានល្អ ដោយក្នុងដំណាក់កាលទី១ ការសាងសង់មានចំនួន២ពាន់បន្ទប់ និង​ចាប់ផ្ដើមសាងសង់ឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ចប់ ដោយបានចំណាយពេលប្រមាណជា២៤ខែ ឬ៣ឆ្នាំកន្លះ។ នេះក៏ជាគម្រោង​ទី៣ហើយ ដែលក្រុមហ៊ុនបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកទេសរដ្ឋមន្រ្ដីបានថ្លែងបន្ដទៀតថា «ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ ដោយទទួលការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីជួយដល់​ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ។ សម្រាប់អ្នកមានលទ្ធភាពអាចទៅរកទិញលំនៅដ្ឋាន​នៅទីកន្លែង​ណាក៏បានដែរ ប៉ុន្ដែសម្រាប់អ្នកដែលមានលទ្ធភាពមធ្យម និងខ្វះលទ្ធភាពមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញលំនៅដ្ឋាន​ទើបជាបញ្ហា​....គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ​មានន័យជាគម្រោងមួយ ដែលបានបំពេញទឹកចិត្តរបស់បងប្អូន​ប្រជាពលរដ្ឋ មន្រ្ដីរាជការ ដែលមានលទ្ធភាពចំណូលទាប និងមធ្យម»។

សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋាន Arakawa នេះបែងចែកជាពីរដំណាក់កាលធំៗ ដោយក្នុងដំណាក់កាលទី១ មាន១០អគារ និងមាន​ប្រមាណជាង២ពាន់បន្ទប់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ដោយក្នុងមួយបន្ទប់មានតម្លៃចន្លោះពី២ ទៅ៣ម៉ឺន​ដុល្លារប៉ុណ្ណោះ។ លំនៅដ្ឋានអារ៉ាខាវ៉ានេះ នឹងបើកលក់ក្នុងរយៈពេល៣-៦ខែបន្ទាប់ពីការសម្ភោធបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់៕
 

Loading...
Loading...