ផ្សារ​បណ្តែត​ទឹកលើកដំបូង​នៅ​កម្ពុជា​ចាប់ផ្តើម​ហើយ

Loading...

រាជធានី​ភ្នំពេញ ៖ ផ្សារ​បណ្តែត​ទឹក​លើក​ដំបូង​នៅ​កម្ពុជា បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ ដោយ​គ្រោង​នឹង​បោះទុន​វិនិយោគ​សរុប​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​ជាង​៣៦​ហិ​កតា ស្ថិត​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក​ឧកញ៉ា​ស្រី ចាន់​ថន អគ្គនាយក​ក្រុមហ៊ុន​ Jet Group​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ថា លោក​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ផ្សារ​បណ្តែត​ទឹក​នេះ​ហើយ ដើម្បី​ធ្វើ​ជា​ចំណតរថយន្ត ដែល​អាច​ចត​រថយន្ដក្រុង​បាន​ជាង​២០០​គ្រឿង​, ចំណត​ម៉ូតូ​និង​ចំណតរថយន្ត​អគ្គិសនី ។

លោក​បន្ត​ថា តាម​គម្រោង​ផ្សារ​ទំនើប​នេះ នឹង​បញ្ចប់ ហើយ​អាច​ដាក់​ឲ្យ​ដំណើរការ​បាន​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។ លោក​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​តាម​រយៈ​ការ​សហការ​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេង​ៗ​ទៀត ។

លោក​បន្ត​ថា ៖ «​ខ្ញុំ​រំពឹង​ថា​គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​ការ​រៀបចំ​ផ្សារ​បណ្តែត​ទឹក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ »​។ លោក​បន្ត​ថា​៖ « រហូត​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជា​មធ្យម​ពី​៣០០​នាក់​ទៅ​ទស្សនា​តំបន់​នេះ ដែល​មាន​ខ្យុ​ស​អង្គុយ​លេង​កម្សាន្ដ »​។

ចំពោះ​ទូក​ជិះ​កម្សាន្ដ​នៅ​តំបន់​ផ្សារ​បណ្តែត​ទឹក​នេះ នឹង​មាន​ទូក​ចំនួន​១៥​ជា​ជំហាន​ដំបូង​សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ដ ។

លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​បន្ត​ថា ការ​វិនិយោគ​ផ្សារ​បណ្តែត​ទឹក​នេះ ធ្វើ​ឡើង​តាម​ទម្រង់​ទីក្រុង​លង្វែក​ដែល​ជា​អតីត​រាជធានី​ខ្មែរ​សម័យ​បុរាណ ហើយ​មូលហេតុ​ដែល​លោក​យក​លំនាំ​បែប​នេះ ដោយសារ​លោក​មិន​ចង់​ចម្លង​ពី​គេ និង​ចង់​រំលឹក​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើង​វិញ ។​លោក​បន្ត​ថា ក្រៅពី​ផ្សារ​បណ្តែត​ទឹក​នេះ លោក​ក៏​នឹង​រៀបចំ​ឲ្យ​មាន​ខ្សែ​រ៉​ត ដែល​មាន​ប្រវែង​ប្រមាណ​៥​គីឡូម៉ែត្រ សម្រាប់​ជិះ​ឆ្លង​ភ្នំ​សិប្បនិមិត្ត​ចំនួន​៤​ប្រភេទ​ផង​ដែរ ដូច​ជា រ៉​ត​ដែល​ប្រើប្រាស់​ស៊ី​ក្លូ​អាច​ជិះ​បាន ធាក់​កង់​នៅ​លើ​ខ្សែ​រ៉​ត ខ្សែ​រ៉​ត​ជិះ​បែប​ស៊ុប​ភើ​មែន និង​ខ្សែ​រ៉​ត​ដែល​អាច​អង្គុយ​ជិះ​បាន ។

លោក​បន្ត​ថា «​ខ្ញុំ​កំពុង​ឲ្យ​អ្នកជំនាញ​សិក្សា​ពី​នេះ​ដើម្បី​រៀបចំ​ខ្សែ​រ៉​ត​ជិះ​កម្សាន្ដ​នៅ​តំបន់​Skyland ហើយ​ចំពោះ​តម្លៃ​វិនិយោគ​ខ្សែ​រ៉​ត​នេះ មិន​ទាន់​ដឹង​នៅឡើយ​ទេ »​។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​Jet Group​ជា​ការ​ល្អ​ប្រសើរ ព្រោះ​វា​នឹង​បង្កើត​ឲ្យ​មាន​ផលិតផល​ថ្មី​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កៀក​រាជធានី​ភ្នំពេញ ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​លេង​កម្សាន្ដ​បាន ព្រោះ​នៅ​រាជធានី​ភ្នំពេញ​មិនសូវ​មាន​តំបន់​លំហែ​កម្សាន្ដ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅឡើយ​ទេ ដូច្នេះ​ទើប​ទាមទារ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​រមណីយដ្ឋាន​កែ​ច្នៃ​បន្ថែម​ទៀត ។

លោក​បន្ត​ថា Skyland​ជា​តំបន់​ល្អ មាន​ភាព​ទាក់ទាញ និង​ខ្យល់អាកាស​បរិសុទ្ធ ព្រោះ​ជា​តំបន់​ទំនាប និង​ស្ថិត​នៅ​ជាប់​ដង​ទន្លេ ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ចិត្ត​ទៅ​កម្សាន្ដ ៕

 

Loading...

ព័ត៍មានថ្មីៗ

Loading...