រឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់ខ្ញុំ​» គ្មាន​​គម្រោង​ដាក់​បញ្ចាំង​​លក់​​សំបុត្រ​នៅ​កម្ពុជា

Loading...
ក្រោយ​ការ​ដាក់​បញ្ចាំងជា​សាធារណៈ​ចំនួន​​២​លើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ខ្សែ​រឿង ​«​មុន​ដំបូង​គេសម្លាប់​​ប៉ារបស់ខ្ញុំ» ​​​ឬរឿង ​«​​First They Killed My Father» ធ្វើអោយមហាជនខ្មែរ​រំជួលចិត្ត​យ៉ាង​ខ្លាំង ​​​​​​​​​តាមរយៈ​​​​សាច់រឿងដែល​ឆ្លុះ​បញ្ចាំង​​ពី​​​ជីវិត​​គ្រួសារ​មួយ​​ក្នុង​​សម័យ ​លន់ នល់ ​និង​សម័យ ​ប៉ុល ពត។
 
​​យ៉ាងណាមិញ ​យោង​តាម​ការ​បញ្ជាក់​ខ្សែ​រឿង​មួយ​នេះ មិនមាន​បំណង​​​​ដាក់​បញ្ចាំង​លក់សំបុត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ទេ ​​​​​បន្ទាប់ពី​ចប់​បេសកកម្ម​​​ដាក់បញ្ចាំងអោយ​​ខ្មែរ​បាន​ឃើញ​​​​​មួយ​លើកចុង​ក្រោយ​នៅ​ខេត្ត​បាត់ដំបង​​នៅថ្ងៃ​ទី​​២៣ ​កុម្ភៈ។
 
​​​​​​យ៉ាង​ហោចអ្នកទស្សនា​​​​ជាង៤ពាន់​​នាក់​បានចូលទស្សនា​រឿង​ខ្សែ​រឿង​​មួយ​នេះ ដែល​ផលិតដោយ​តារា​សម្ដែង​​​អែនជីលីណា​ ជូលី នៅ​​​ស្ដាត​អូឡាំពិក ​កាលពីយប់​ថ្ងៃទី​​​២១ កុម្ភៈ។ ​​នេះ​ជាការដាក់​បញ្ចាំង​លើកទី​​២ បន្ទាប់ពី​​ការ​បើកឆាក​​​នៅ​ខេត្ត​​សៀម​រាប​ទទួល​ជោគជ័យ​។
 
​​​​​​អ្នកនាង​​ អែនជីលីណា ​បាន​អះអាងថា​​ខ្សែ​រឿង​ ​«​​​​​មុនដំបូង​ខ្មែរ​​​ក្រហម​​សម្លាប់​ប៉ា​របស់ខ្ញុំ»​​ នឹង​បញ្ចប់​​​​​​​បេសកកម្ម​នៅខេត្ត​​បាត់ដំបង ​មុន​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និងទីផ្សារ​ពិភព​លោក។
 
អ្នក​​​​ស្រី​មិន​បាន​បញ្ជាក់​ពីគម្រោង​​​ដាក់​បញ្ចាំង​រឿង​នេះ​ក្នុង​បែបបទ​​​លក់សំបុត្រ​នោះទេ ប៉ុន្តែ​​យោង​តាមការ​​បញ្ជាក់​របស់​​​​ម្ចាស់សាច់​រឿង​​​​​​​ដែល​អ្នកស្រី​​បាន​​​​​​​​សុំសិទ្ធិ​​​​​​​យក​​​ដំណើរជីវិត​យកទៅ​ផលិតរឿង គឺ​​​​​​គម្រោង​​​លក់សំបុត្រ​​មិនមាន​នោះទេ សម្រាប់​នៅ​កម្ពុជា។ ​
 
​​លោក​ អ៊ឹង ​ប៊ុន​ម៉េង​ ​​​​បង​ប្រុស​​​បង្កើត​របស់​អ្នកស្រី​​​ អ៊ឹង ​ប៊ុន​លួង ដែលជា​អ្នកនិពន្ធ​​សៀវភៅ​ «​​​​​​មុនដំបូង​ខ្មែរ​ក្រហម​​សម្លាប់​ប៉ារបស់ខ្ញុំ» ​បាន​អះអាងថា ​ខ្សែ​រឿងមួយ​នេះ គឺ​​​ជា​រឿង​ដែល​​​និយាយ​​ពីដំណើរ​​​​​​​​​​​ជីវិត​ទាំង​ស្រុងរបស់​​​គ្រួសារ​លោក ជា​ពិសេស​គឺ​​ប្អូនស្រី​លោក​នៅ​ក្នុង​សម័យ​ លន់ នល់ និង​ ប៉ុល ​ពត។
 
​លោកថា ​​​​អ្នកស្រី​ អែនជេ​លីណា ​​ពេញចិត្ត​នឹង​​ប្រឡោម​លោកដែល​​​និពន្ធដោយប្អូនស្រី​របស់​​លោក ​ដែល​​តួ​អង្គ​ពិតក្នុង​ការ​បោះ​ពុម្ពកាលពី​ឆ្នាំ​​​​២០០០ ទើប​​​​សុំ​សិទ្ធិសិក្សាស្រាវជ្រាវ ហើយ​​យក​​ខ្លឹមសារ​​ក្នុង​រឿង​មក​ផលិត​​​​​ជា​ភាព​យន្ត ដោយសូម្បី​ចំណង​ជើង​​ក៏​​​​​​​​​​ដាក់​តាម​​សៀវភៅ​​​​​​ដែល​​​ប្អូនរបស់លោក​បាន​និពន្ធ។
 
លោកថា​​​​​​ខ្សែ​រឿងមួយ​​នេះ ​​​​បោះ​ពុម្ព​នៅសហរដ្ឋអាមេរិកនិង​បាន​បកប្រែ​ជា​​​១២​ភាសា ទើប​ធ្វើ​អោយ​​ជន​បរទេស​​មិន​តិច​នោះឡើយ​បានស្គាល់​ពីសាច់​រឿង​នេះ​។
 
​រឿង​​នេះចំណាយ​​​​អស់ច្រើន​លាន​ដុល្លារ ប៉ុន្តែ​​​លោក​សុំសិទ្ធិ​មិន​​ប្រាប់​នោះទេ ​ដោយ​​អះអាងថា​​ជា​អាថ៌កំបាំង​របស់​​​​​ផលិតករ។
 
លោកថា​​​​​ក្រោយ​​ចប់​​​ការ​ដាក់​បញ្ចាំង​នៅ​ខេត្ត​បាត់ដំបង​នៅថ្ងៃទី​​២៣ ​​​កុម្ភៈ ខ្សែ​ជីវិត​របស់​គ្រួសារ​លោកតាមរយៈ​ភាព​យន្ត​ហូលីវូដ​មួយនេះ នឹង​យកទៅ​​​​បញ្ចាំងនៅ​​សហរដ្ឋអាមេរិកក្នុងខែ​​​៩​ខាង​មុខ ដោយអ្នកស្រី​ អែនជីលីណាបាន​​​​​​​ស្នើអោយ​គ្រួសាររបស់លោក​បង្ហាញខ្លួន​គ្រប់​ពេល​បើកសម្ពោធ ​​​ដោយសូម្បីតែ​​​​​ពេល​យកទៅ​បញ្ចាំង​នៅ​​​​តាម​បណ្ដា​ប្រទេស​ផ្សេងៗ។
 
លោកថា​​ខ្សែ​រឿង ​«​មុន​ដំបូងខ្មែរ​ក្រហម​សម្លាប់​​​​​ប៉ា​របស់ខ្ញុំ» ​មិនមានគម្រោង​​ដាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ ដោយ​​​​​សារ​​រឿងនេះ​អ្នកស្រី ​អែន​ជីលីណា ប្រាប់គ្រួសារ​លោកថា​​ ​​​​​​​​​នឹង​ដាក់​បញ្ចាំង​អោយ​ជន​ជាតិ​​ដើម​​ម្ចាស់​រឿង​​​​​​​​បានទស្សនា​​​​​​​ចំនួន​២លើក នឹង​យកទៅ​លក់​សំបុត្រ​នៅ​ហូលីវូដតែម្ដង។
 
លោកថា​អ្នកស្រី​ អែនជីលីណា​​ ​បញ្ជាក់ថា ​ក្នុង​ពេលបញ្ចាំង​នៅ​​​អាមេរិកខែ​​​​៩ បណ្ដា​ប្រទេស​ផ្សេងទៀតក៏ដាក់បញ្ចាំង​​​ផងដែរ ​អមដោយការ​បើកសម្ពោធ​ដែល​គ្រួសារ​លោក​ត្រូវ​​ចូលរួម​​​​។ ​យ៉ាងណាមិញ លោកថា​មិនច្បាស់​​ខ្សែ​រឿងមួយ​នេះ ថត​​មិនអស់​​​​​ខ្សែ​ជីវិត​ដែលគ្រួសារ​លោក​បាន​​ឆ្លង​កាត់នៅឡើយ​ផង។
 
លោក អ៊ឹង ប៊ុនម៉េង បន្ត​​​​ក្នុងចំណោម​​បង​ប្អូន​លោក​​៧​នាក់​​​​​គឺសល់តែ​​​៥​នាក់​​ប៉ុណ្ណោះ​​ ក្រោយ​បញ្ចប់​របប ​ប៉ុល ពតដោយ​​​​​​​​​បង​ប្អូន​លោក៣​នាក់ រួម​មាន​​​​​អ្នកស្រី​​ អ៊ឹង ម៉េង​លួង ដែលជា​​​​តួអង្គសំខាន់​​​ក្នុងសាច់រឿង​នោះ​​​​ផង រស់នៅ​អាមេរិក និង​​បង​ប្អូន​​នាក់រស់​នៅស្រុកខ្មែរ។
 
លោកថា​សប្បាយចិត្ត​ដែល​​​ខ្សែ​ជីវិត​របស់គ្រួសារ​លោក​ត្រូវ​បាន​​លាត​ត្រដាង​​​​តាមរយៈភាព​យន្ត​ហូលីវូដ ​ដែល​​​​​ធ្វើអោយ​​​​​​​​​ពិភព​លោក​កាន់តែស្គាល់ជនជាតិខ្មែរនិង​​​​​​​​​​​របប ​​ប៉ុល ​ពត ដែល​​​​​​​បាន​​​កន្លង​ផុត។
 
​លោកថា​​​​​​គ្រួសារ​របស់លោកក៏​​​មិនបានទទួល​​​​​​ផលចំណេញពីការ​​ដាក់បញ្ចាំង​លក់សំបុត្រ​​​​​​​​​​​​ក្នុង​ពេល​ខាង​មុន​នោះទេ ​​​ដោយ​លោក​ប្រកាស​ថា​​គ្រួសារ​ទាំង​មូល​​​​​​​​​បរិច្ចាគរឿងនេះ​​អោយ​​អ្នកស្រី​ អែនជីលីណា​ ដោយពេញចិត្ត​ ​​​បើទោះជា​អ្នកស្រី​​​​ អែនជីលីណា ​ផលិតរឿង​នេះ​យកធ្វើអាជីវកម្ម៕
 
ប្រភព ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 9:01 AM​ ៖​ http://vodhotnews.com
 
 
Loading...

ព័ត៍មានថ្មីៗ

Loading...