លោក ខៀវ កាញារីទ្ធ៖ អ្នកជេររឿងភ្លៀងលិចផ្លូវនៅភ្នំពេញ ជាមនុស្សគួរឲ្យអាណិត ព្រោះបានបង្ហាញពីកម្រិតចំណេះដឹងរបស់ពួកគេ

Loading...
(ភ្នំពេញ)៖ ភ្លៀងមួយមេធំនៅថ្ងៃភ្ជុំបិណ្ឌកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បណ្តាលឲ្យលិចក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំងនោះ បានក្លាយទៅជាប្រធានបទរិះគន់ និងវាយប្រហារយ៉ាងខ្លាំងទៅលើអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលផងដែរពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook។ ការរិះគន់ និងវាយប្រហារទៅលើបញ្ហាទឹកលិចក្នុងរាជធានីភ្នំពេញក្រោយពេលមានភ្លៀងធ្លាក់នេះ វាក៏មិនមែនជារឿងថ្មីនោះឡើយ ពោលរាល់ពេលមានទឹកលិចក្នុងរាជធានីភ្នំពេញ គឺអ្នកលេង Facebook ក៏ដូចជាអ្នករងគ្រោះដោយទឹកលិចនេះ គឺនឹងបង្ហាញការរិះគន់យ៉ាងព្រោងព្រាតតែម្តង។
 
តបការរិះគន់ទាំងអស់នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានហៅក្រុមអ្នករិះគន់ទាំងនោះ គឺជាអ្នកដែលគួរឲ្យអាណិត អាណិតដោយសារតែការរិះគន់បានបង្ហាញពីកម្រិតនៃការចេះដឹង ក៏ដូចជាសមត្ថភាពនៃការរៀនសូត្ររបស់ពួកគេផងដែរ។
 
លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគិតថាមិនគួរជេរទេ គួរតែអាណិតអ្នកបង្ហោះរឿងទឹកភ្លៀងលិចផ្លូវដើម្បីជេរអាជ្ញាធរទៅវិញទេ។ ព្រោះបង្ហោះរូបនេះដើម្បី ជេរនៅឆ្នាំ២០១៧ បង្ហាញរួចទៅហើយថា សមត្ថភាពគ្នារៀនសូត្របានត្រឹមណា?»។
 
លោក ខៀវ កាញារីទ្ធ បានពន្យល់ថា បើទោះបីលូមានប៉ុន្មានក៏ដោយ តែចំនួនមាត់លូមានកម្រិត ទំហំមាត់លូមានកម្រិត ដែលអាចទទួលចំណុះទឹកភ្លៀង មានកម្រិតផងដែរ។ បើតាមលោក ខៀវ កាញារីទ្ធ ប្រសិនបើទឹកភ្លៀងជន់រាប់ថ្ងៃមិនស្រក នោះទើបជាកំហុសរបស់អាជ្ញាធរ។
 
លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា «អ្នករៀនសូត្រអាចដឹងបានថា ទោះលូមានប៉ុន្មានក៏ដោយ ក៏ចំនួនមាត់លូមានកំរិត ទំហំមាត់លូមានកំរិត ដែលអាចទទួលទឹកភ្លៀងបានចំណុះប៉ុន្មានក្នុងមួយម៉ោង? បើទឹកជំនន់ទឹកភ្លៀងនៅដក់រាប់ថ្ងៃនោះទើបថាជាកំហុសអាជ្ញាធរ»។
 
លោក កាញារីទ្ធ ក៏បានលើកឡើងផងដែរ ពីអ្នករិះគន់មួយចំនួន ដែលសុទ្ធតែមិនបានសិក្សាស្វែងយល់ឲ្យលំអិត ដូចជាករណីធ្វើរង្វង់មូលធំជាងផ្លូវ និងដាក់រូបប្រធានាធិបតីវៀតណាម ស្មើនឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ ពេលប្រធានាធិបតីវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោករដ្ឋមន្រ្តីថា អ្នករិះគន់ទាំងនេះសុទ្ធតែជាមនុស្សគួរឲ្យអាណិត។
 
លោករដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំក៏ធ្លាប់ឃើញមិត្តភក្តិខ្លះស្រែកពីរឿងពង្រីករង្វង់មូល ថាម៉េចមិនពង្រីកផ្លូវវិញ ដោយមិនបានយល់ថា រង្វង់មូលធំទទួលយានជំនិះបានច្រើននោះទេ។ ហើយបើថយឆ្ងាយជាងនេះបន្តិច មិត្តភក្តិនឹងអាចនឹកឃើញពីវីរនារីស្នេហាជាតិម្នាក់ ដែលបង្ហោះរូបជេររដ្ឋាភិបាល ដែលដាក់រូបប្រធានាធិបតីវៀតណាមស្មើនឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ។ សុទ្ធតែជាមនុស្សគួរអាណិតទៅវិញទេ»។
 
ពាក់ព័ន្ធជំនន់ទឹកភ្លៀងលិចផ្លូវនៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេកត់សម្គាល់ឃើញថា ក្រោយពីមានកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំប្រព័ន្ធលូ ពង្រីកលូ ស្តារលូ និងស្តារប្រឡាយមុខទឹកនៅតាមជាយរាជធានីភ្នំពេញជាដើមនោះ ការជន់លិចនៅពេលមានភ្លៀងធំៗនេះ គឹមានធូរស្រាលជាមុន។ ពោលជំនន់ទឹកភ្លៀងទាំងអស់នេះ មិនលិចរ៉ាំរ៉ៃត្រាំត្រែងដូចមុនទៀតនោះទេ ជាក់ស្តែងនៅតាមផ្លូវជុំវិញផ្សារកណ្តាល ដែលជាតំបន់ទំនាបជាងគេក្នុងរាជធានីភ្នំពេញ ហើយតែងលិចរ៉ាំរ៉ៃជាងគេនោះ ពេលបច្ចុប្បន្ននេះក្រោយពេលភ្លៀងធ្លាក់ គឺទឹកបានហូររំដោះទៅអស់ផងដែរ៕
 
 
 
Loading...
Loading...