ស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវ កំពុងឡើងកម្តៅ

Loading...

(ភ្នំពេញ)៖ ខណៈស្ថានការណ៍ព្រំដែនកំពុងឡើងកម្តៅ, ក្រុមអ្នកយកព័ត៌មានរបស់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បាននឹងកំពុងធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដើម្បីយកព័ត៌មានផ្ទាល់នៅកន្លែងដែលកំពុងប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ ផ្សាយជូនសាធារណជន។

ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសទុកពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹង លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានអត់ធ្មត់តាំងពីខែមេសាមកម្ល៉េះ ចំពោះការឈ្លានពានរបស់ទាហានឡាវ ព្រោះសម្តេចមិនចង់ឲ្យមានការផ្ទុះ សង្រ្គាមជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងភាពអត់ធ្មត់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត កាលពីអំឡុងខែឧសភា ពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។

ក្រៅពីទូរស័ព្ទដោយផ្ទាល់ហើយនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតផ្លូវការមួយច្បាប់ទៀតផ្ញើទៅ នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់ពីបញ្ហាព្រំដែន និងស្នើឲ្យឡាវដកកងទ័ពចេញពីប្រទេសកម្ពុជា៕

Loading...
Loading...