ផ្ទុះរឿងធំហើយ!!! បុគ្គលិកប្រហែល២០០នាក់ ដើរចេញពី PNN ដោយសារអ្នកគ្រប់គ្រងផលិតកម្មវិធីជនជាតិថៃ?

Loading...
ថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញ អ្នកធ្វើការផ្នែកសោតទស្សន៍ក្នុងស្រុកថា មានបុគ្គលិកប្រហែល២០០នាក់ បានដើរចេញពីទូរទស្សន៍កំពុងល្បីល្បាញក្នុងស្រុកឈ្មោះ PNN ដែលការចាកចេញយ៉ាងគំហុកនេះ ដោយសារតែពួកគេមិនពេញចិត្តនិងអ្នកគ្រប់គ្រងផលិតកម្មវិធីជាជនជាតិថៃ ឈ្មោះ Kansee Paokamhaeng ហៅ  Khun Third។ ប្រភពបានឱ្យដឹងថា កាលដំបូងឡើយ មុនពេលនិងក្រោយពេលចាប់ផ្តើមដំណើរការផ្សាយរបស់ទូរទស្សន៍ PNN មានអ្នកដឹកនាំនិងផលិតកម្មវិធី ផលិតកររបស់ផលិតកម្ម អ្នកយកព័ត៌មាន អ្នកកាន់កាមេរ៉ា អ្នកបច្ចេកទេសសំឡេងជាច្រើននាក់ ដែលបានសម្រេចចិត្តចាកចេញពីទ្រនំចាស់ ឬបោះបង់ចោលស្ថានីយទូរទស្សន៍នានា ហើយចូលទៅធ្វើការងារឱ្យ PNN។ ចំពោះមូលហេតុដែលពួកគេចោលទ្រនំចាស់ស្រវាបង្គងថ្មី ដោយសារពួកគេគិតថា មានប្រាក់ខែច្រើន កន្លែងទំនើប និងមានបរិយាកាសការងារល្អ និយាយឱ្យខ្លី គឺ PNN “ជាទីទឹកត្រជាក់ដែលកូរឱ្យត្រីផ្តុំ”។ ប៉ុន្តែពេលថ្មីៗនេះ បែរជាលេចឮថាមានបុគ្គលិកចាកចេញពី PNN រហូតដល់២០០នាក់ទៅវិញ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់អ្នកដែលបម្រើការផ្នែកសោតទស្សន៍នៅប្រទេសកម្ពុជា ដែលកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានាពេលនេះ។ ប្រភពជាច្រើនពីបុគ្គលិកដែលបានបោះបង់ការងារនៅទូរទស្សន៍ PNN បានបង្ហើបឱ្យដឹងថា ការលាឈប់ដោយគ្មានស្តាយស្រណោះរបស់ពួកគេ ដោយសារតែមិនអាចទទួលយក និងមិនអាចទ្រាំទ្របាននូវទង្វើប្រមាថមាក់ងាយពីសំណាក់ជនជាតិថៃម្នាក់ ដែលជាអ្នកចាត់ការទូទៅនៅប៉ុស្តិ៍នោះមកលើពួកគេ។
អតីតអ្នកផលិតកម្មវិធីម្នាក់ដែលបានចាកចេញពី PNN បានបង្ហើបប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា គាត់ជាបុគ្គលិកម្នាក់ដែលធ្លាប់បម្រើការនៅ PNN ហើយបានសម្រេចចិត្តលាឈប់ដោយសារតែមានអារម្មណ៍អាក់អន់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រីជនជាតិ សៀមម្នាក់ ដែលមានតួនាទីត្រឹមតែជាប្រធានគ្រប់គ្រងឈ្មោះ Kansee Paokamhaeng ជារឿយៗតែងតែបញ្ចោញអាកប្បកិរិយាច្រងេង ច្រងាងច្រឡោងខាមប្រើសម្តីត្រគោះបោះបោក គ្មានសីលធម៌គំរោះគំរើយមកលើផលិតករខ្មែរ បុគ្គលិកខ្មែរគ្រប់កម្មវិធីផ្សាយនានា។ ស្រីជនជាតិថៃនោះតែងតែបញ្ចោញឬកពាច្រឡោងខាមនៅមុខមហាជន ជាពិសេសនៅចំពោះមុខតារាកិត្តិយស និងនៅមុខអ្នកឧបត្ថម្ភកម្មវិធី ធ្វើហាក់ដូចជាផលិតករខ្មែរគ្មានសមត្ថភាពដឹកនាំ ល្ងង់ខ្លៅ មានតែពួកគេទើបចេះ…។ ជាពិសេសឱ្យតែមានកម្មវិធីបុណ្យជាតិខ្មែរ បុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រខ្មែរ ឬកម្មវិធីដែលជាប្រពៃណីជាតិផ្សេងៗ ដែលតម្រូវឱ្យមានការតុបតែងឆាកឱ្យមានលក្ខណៈសមស្របទៅតាមប្រពៃណីខ្មែរ គឺស្រីជនជាតិថៃ Kansee Paokamhaeng ធ្វើការជំទាស់មិនឱ្យយើងធ្វើអ្វីដែលទាក់ទងនឹងប្រពៃណីខ្មែរយើងឡើយ។ ផលិតកររូបនោះបានបន្ថែមថា ខ្ញុំឆ្ងល់ថា តើក្រុមហ៊ុនមិនស្គាល់មនុស្សដែលមិនចេះមិនដឹងពីអ្វីដែលហៅថាប្រពៃណីជាតិខ្មែរទេឬ? បានជាយកមកធ្វើការនៅកម្ពុជា?
 
ចំណែកប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ស្ថានីយទូរទស្សន៍ PNN ដែលដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៥ ដោយមានបុគ្គលិកប្រមាណ៣០០នាក់ តែពេលបច្ចុប្បន្ននៅសល់បុគ្គលិកតែជាង១០០នាក់ប៉ុណ្ណោះ ហើយក៏នៅមានដាក់ពាក្យឈប់បន្តទៀត ដោយសារតែមិនអាចទ្រាំទ្រជាមួយការប្រើសម្តី និងអាកប្បកិរិយាច្រឡោងខាមរបស់ជនជាតិថៃ ឈ្មោះ Kansee paokamhaeng ដែលពេលខ្លះបានស្រែកឡូឡាផ្អើលមនុស្សពេញ Studio តែម្តង។ ប្រភពពីអតីតអ្នកផលិតកម្មវិធី PNN រូបនោះបន្ថែមថា “ពីមុនកម្មវិធីជាង១០ដែលបានចម្លង (Concept) ទាំងស្រុងពីប្រទេសថៃ តែកម្មវិធីភាគច្រើនបានបិទចោលវិញ ហើយនៅពេលនេះនៅសល់តែកម្មវិធីតិចតួចប៉ុណ្ណោះ ដែលនៅដំណើរការដែលជាស្នាដៃផលិត និងដឹកនាំដោយផលិតករខ្មែរ ហើយកំពុងដំណើរការដោយជោគជ័យដូចជាកម្មវិធីមួយចំនួន។ ចំណែកកម្មវិធីមួយចំនួនទៀតបែរជាចាក់ផ្សាយឡើងវិញ ដូចជាកម្មវិធី  “ភូមិគ្រប់គ្រឿង”, “សើចហ្មង”, “វេទិកាព្រហ្មម៉ាញ”, “ខ្ញុំជឿថាខ្ញុំអាចច្រៀងបាន” (I believe I Can Sing)។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកឧកញ៉ាលី ឆូកឆៃ ដែលជាអគ្គនាយករបស់ទូរទស្សន៍ PNN កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា អំពីរឿងរ៉ាវដែលកំពុងតែល្បីថា មានបុគ្គលិក២០០នាក់ បានដើរចេញពីប៉ុស្តិ៍ PNN ព្រោះតែមិនអាចទ្រាំទ្រការប្រមាថ និងមើលងាយពីស្រីជនជាតិថៃ ឈ្មោះ Kansee Paokamhaeng នោះតែត្រូវលោកឧកញ៉ាឆូកឆៃ ដែលជាកូនប្រុសរបស់លោកឧកញ៉ាលី យ៉ុងផាត់ នោះបានប្រកែកចំពោះដំណឹងនេះ តែលោកឧកញ៉ាថានឹងតាមដានចំពោះរឿងដែលលេចឮខាងលើនេះ។ លោកឧកញ៉ាលី ឆូកឆៃ បានសង្កត់ថា “អូ! អត់មានទេ អត់មានអីចឹងទេ! គាត់ (Kansee Paokamhaeng) ជាអ្នកគ្រប់គ្រងការផលិត។ ខ្ញុំអត់ដែលឮគេនិយាយប្រាប់ខ្ញុំថាមានបុគ្គលិកឈប់ច្រើនទេ អត់ទេ!។ ចាំខ្ញុំតាមដានរឿងនេះសិន”។
 
ដោយឡែកអ្នកគ្រប់គ្រងការផលិតកម្មវិធីរបស់ PNN នាង Kansee Paokamhaeng មិនមានលេខទូរស័ព្ទដើម្បីទាក់ទងបានឡើយ។ “នគរធំ” រង់ចាំការបកស្រាយរបស់ Kansee Paokamhaeng ជានិច្ច៕
 
Loading...
Loading...