ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ

Loading...
(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។
 
ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការ​គួសម្យនៅពេលវេលា សមស្របណាមួយ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងទៅផងដែរ។
 
សូមជំរាបថា ក្រុមកីឡាប៉េតង់កម្ពុជា បានដណ្ដើមមេដាយ ២គ្រឿងពីព្រឹត្តិការណ៍ Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ក្នុងនោះមានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយ ឯកត្តជននារី ក្រោយប្រកួតឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់ គឺដណ្ដើមបានលើវិញ្ញាសាវាយគូចម្រុះ បន្ទាប់ពីកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ចាប់គូប្រកួត វគ្គផ្ដាច់ព្រ័ត្រ ចាញ់ក្រុមកីឡាប៉េតង់ទុយនេស៊ីវិញ ដោយលទ្ធផល ១៣-៧ពិន្ទុ។
 
អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសា វាយឯកត្តជននារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើសពីនេះ កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោក កាលពីឆ្នាំ២០១៦កន្លងទៅផងដែរ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការបង្ហាញវត្តមានក្នុងចំណោម ៤៧ប្រទេស្មើនឹង ៤៩ក្រុមចូលរួមប្រកួតកីឡាប៉េតង់ ជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក ឆ្នាំ២០១៧នេះ គេមិនអាចការពារតំណែងម្ចាស់មេដាយរបស់ខ្លួន លើវិញ្ញាសាវាយឯកត្តជនបុរសបាននោះទេ៕
Loading...
Loading...