បាញ់គ្នាយ៉ាងសាហាវ ដោយសារតែរឿង​ «ស្រី»

Loading...
ខេត្ត​បន្ទាយ​មាន​​ជ័យ ៖ ​ករណី​ផ្ទុះអាវុធ​វែង​-ខ្លី​មួយ​ បង្កការ​​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរតាម​ផ្លូវ​ជាតិ ​និង​អ្នក​ភូមិយ៉ាងខ្លាំង ​បន្ទាប់​​ពី​ក្មេង​ទំនើង២​ក្រុម ​ផ្ទុះ​ជម្លោះ​ដោយសារ​​ស្រី​របស់ខ្លួន ទើប​​ដេញ​វាយ​និង​កាប់​រហូត​ឈាន​ដល់​ការ​បាញ់បោះ​ បណ្តាលឱ្យ​របួស​២​នាក់​ ។
 
ហេតុការណ៍​នេះ ​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​៧​​យប់​​ថ្ងៃ​ទី០៧ ​មេ​សា ​ស្ថិតនៅ​​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​​ចំណុច​ផ្លូវបត់​ចូល​ទៅ​វត្ត​ដុ​ង​អារញ្ញ ​​ក្នុងភូមិ​និមិត្ត​១ ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​
 
ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ទាំង២នាក់ ១-​ឈ្មោះ​ពៅ​ ជឹ​ម​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​(​របួស​សាច់ដុំ​ដៃស្តាំ​បៀម​គ្រាប់​)​ និង២-​​ឈ្មោះ​នាង​ ជី​វ័​ន្ត ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ គេ​កាប់​ចំ​សាច់​ដុំដៃ​ខាងឆ្វេង​(​របួសស្រាល​) ​ពួក​គេ​ទាំង​2 រស់នៅ​លំនៅ​ក្នុងភូមិ​កើត​ហេតុ​ ។
 
បើ​​តាម​ជន​រង​គ្រោះ​ទី​២បាន​និយាយ​ថា ​មុន​ឈាន​ដល់​ផ្ទុះ​​ជម្លោះ​បាញ់បោះ​ ខ្លួន​បាន​ចាក់​ចង្កេះ​ប្អូនស្រី​ធម៌​​ឈ្មោះ​មុំ​ អាយុ​២១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​និមិត្ត​៤​ ​​ខណៈ​ឈរ​មើល​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​មួយ​​នៅ​វិ​ទ្យាល័យ​និមិត្ត​​ ក្នុងភូមិ​និមិត្ត​ថ្មី​ សង្កាត់​និមិត្ត ​ស្រាប់​តែ​ឈ្មោះ​ម៉េ​ត ​អាយុ​ជាង​២០​ឆ្នាំ​ រករឿង​​ថា​ «​ម៉េច​ឱប​ចង្កេះ​សង្សា​អញ​» ។
 
​ជន​រង​គ្រោះ​​បន្ត​ថា ​ខ្លួន​បាន​ព្យាយាម​និយាយ​ល្អ​តប​ថា ​មិន​បាន​ឱប​ចង្កេះ​ទេ​ គឺ​គ្រាន់តែ​ចាក់​ចង្កេះ​លេង ហើយ​ប្រាប់​ថា ​នាង​ជា​ប្អូនធម៌​ ទើប​លេង​ជាមួយ ​ស្រាប់តែ​ផ្ទុះ​ជម្លោះ​រក​វាយ​គ្នា ​តែ​ត្រូវ​អ្នក​នៅ​ទីនោះ​ឃាត់​ទាន់​ ។  ​ពេល​ខ្លួន​និង​ប្អូនប្រុស​បង្កើត ​រួម​ទាំង​មិត្ត​ភក្តិ​ទី​១ និង​មិត្ត​ភក្តិ​​ម្នាក់​ទៀត ​(សរុប៤​នាក់)​ ជិះ​ម៉ូតូ​២​គ្រឿង​ តាម​ផ្លូវជាតិ​ចេញពី​កន្លែង​ប្រកួត​បាល់ទាត់​ទៅ​ទិស​ខាង​កើត​បាន​ប្រហែល​700​ម៉ែត្រ ​ស្រាប់តែ​ឈ្មោះ​ម៉េ​ត​ និង​បក្សពួក​ជាង​២០​នាក់​ ប្រើ​​ប្រាស់​អាវុធ​ខ្លី​ច្នៃ​​​៤​ដើម​ ស្ទាក់​បាញ់​ពួក​ខ្លួន ។ ​តែ​ដោយ​ឃើញទាន់​ ក៏​​នាំ​គ្នាបើក​​ម៉ូតូ​ត្រឡប់​ក្រោយ ​ទៅ​ទិស​ខាងលិច​វិញ​ ។
 
​ជន​រង​គ្រោះ​បន្ត​ថា ​លុះ​ក្រោយ​សភាព​ស្ងប់ស្ងាត់​ ក៏​​នាំ​គ្នា​ជិះ​​ម៉ូតូ​ទៅ​ទិស​ខាង​កើត​វិញ ​ប្រុង​ត្រឡប់​ទៅ​ផ្ទះ​ ស្រាប់តែ​ក្រុម​បង្ក​​ដដែល​ឈរ​ចាំ​ស្ទាក់​ម្តងទៀត​ នៅ​មុខ​ផ្លូវបត់​ចូល​វត្ត​ដុ​ង​អារញ្ញ​ ដោយ​ដំបូង​ពួក​គេ​ប្រើ​​ប្រាស់​​ដុំ​ថ្ម​គប់ ។ ​ពេល​ទ្រាំ​មិន​បាន​ ពួក​ខ្លួនក៏​​ចុះ​ពី​ម៉ូតូ​រើស​​ដុំ​ថ្ម​គប់​វិញ ​និង​វាយ​គ្នា​រហូត​ក្រុម​បង្កប្រើ​​ប្រាស់​ កាំបិត​ច្រូងច្រាង​ដេញ​កាប់​ ។
 
​មិនតែប៉ុណ្ណោះ​ ក្រុម​បង្​​មាន​អាវុធ​ខ្លី​ច្នៃ​ និង​អាវុធ​អាការ​កាត់​កាណុង​ដេញ​បាញ់​ជា​ច្រើនគ្រាប់​ បណ្តាល​ឲ្យ​ឈ្មោះ​ពៅ ​ជឹ​ម រ​ងរ​បួស​ដៃ ​និង​ខ្លួន​ត្រូវ​គេ​កាប់​ចំ​ដៃ​របួសស្រាល​តែ​ម្តង​។ ​
 
លោក​ម៉ា​ រិ​ន ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​និយាយ​ថា ​ភាគី​ជម្លោះ​ទាំង​២ ជា​ក្រុម​ចូលរួម​ប្រកួត​បាល់ទាត់​ជុំ​គ្នា​ ហើយ​លោ​កថា ​បញ្ហា​ខាងលើ​កើតឡើង ​ដោយសារ​រឿងស្រី​ ។​ លោក​ម៉ា​រិ​ន​បន្ត​ថា ​កាំ​ភ្លើង​​ដែល​ជន​បង្ក​បាញ់​ចំ​ជន​រង​គ្រោះ​បៀម​គ្រាប់​ជា​គ្រាប់​កាំ​ភ្លើង​ច្នៃ​បាញ់​គ្រាប់​សំណរ​ ។ ​ក្នុង​នោះ​ សមត្ថកិច្ច​​បាន​រក​ឃើ​ញ​គ្រាប់ ​និង​សំបក​គ្រាប់​កាំភ្លើងអាកា​ចំនួន១១គ្រាប់​ (​សំបក​៩​និង​គ្រាប់​២ ទំនង​បាញ់​មិន​ផ្ទុះ​)​ បន្សល់​នៅ​កន្លែង​កើតហេតុ​។
 
​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ណា​ម្នាក់​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​១រសៀល​ថ្ងៃ​ទី​០៨ មេ​សា​ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​ហើយ ។
 

Loading...
Loading...