ស៊ុន ចាន់ថុល៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ទិញ​ឡាន ម៉ូតូ ថ្មី​លែង​​ពិបាកទៀតហើយ

Loading...
​ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ចុះ​បញ្ជី​យាន​ជំនិះ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​​បាន​មាន​ប្រសាសន៍​ថា ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ នៅ​ពេល​ទិញ​ឡាន​ ម៉ូតូ​ថ្មី ប្រជាពលរដ្ឋ​លែង​ត្រូវការ មក​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​ផ្លាក​លេខ ធ្វើ​ប័ណ្ណ​​សម្គាល់​យានជំនិះ​ទៀត​ហើយ​។
 
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា រាល់ការ ចុះ​បញ្ជី​យាន​ជំនិះ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ចាប់​ពីថ្ងៃនេះទៅ អត់​មាន​ការ​ជួប​គ្នា​ទៀត​ទេ​ ពោល​គឺ​កាត់​បន្ថយ​ជំនួប​រវាង​អ្នក​ផ្ដល់​សេវា និង​ទទួល​សេវា ​លុបបំបាត់ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ ធ្វើ​តាម​ប្រព័ន្ធ​អនឡាញទាំង​អស់​។
 
​ឯកឧត្ដម​ ស៊ុន ចាន់ថុល មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ ​"គ្រប់​ហាង​លក់​ម៉ូតូ​ទាំង​អស់ គាត់​បង់​លុយ​ជំនួស​ប្រជាពលរដ្ឋ ឧទាហរណ៍​ម៉ូតូ​តម្លៃ​ ១៥០០ដុល្លារ ថ្លៃ​សេវា ១០​ដុល្លារ ដូចនេះ​ប្រជាពលរដ្ឋ​ចំណាយ​តែ ១៥១០ ដុល្លារ ចប់​​រឿង​ហើយ។ ប្រជាពលរដ្ឋ​លែង​ត្រូវការ​ មក​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ទៀត​ហើយ ដោយសារ​ទិញ​ម៉ូតូ​ មាន​ទៅ​​ចាំ​យក​ផ្លាក​លេខ​នៅ​នាយកដ្ឋាន​ធ្វើ​អី មាន​នៅ​ហាង​ម៉ូតូ​ហើយ ទិញ​ឡាន​មាន​ផ្លាក​នៅ​កន្លែង​ឡាន​ហើយ ប័ណ្ណ​សម្គាល់​យានជំនិះ​ចេញ​នៅ​កន្លែង​ហ្នឹង​ហើយ ចឹង​លែង​មក​ហើយ​។ លុះ​ត្រា​មាន​ករណី​ពិសេស​ មាន​បញ្ហា​អី​ទើប​មក​ពិភាក្សា​គ្នា"។
 
លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការ​ចុះ​បញ្ជី​យាន​ជំនិះ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​តាមប្រព័ន្អអនឡាញនេះ គឺ​ដើម្បី​បម្រើ​សេវា​សាធារណ​ឱ្យ​កៀក​នឹង​​ប្រជាពលរដ្ឋ ក៏​ដូច​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន សេវា​សាធារណ​ប្រកប​ដោយ ​ប្រសិទ្ធភាព តម្លាភាព និង​ ធ្វើ​ឱ្យ​បាន​លឿន​ លែង​ឱ្យ​ប្រជាពលរដ្ឋ​លំបាក​ទៀត​៕​
 
Loading...
Loading...