ខ្មែរ​ប្រឹង​ធ្វើ​ចិន

Loading...
ភ្នំពេញ​៖ នៅក្នុងពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ម្តងៗ ពលរដ្ឋ​ខ្មែរ​កាត់​ចិន​, ចិន​កាត់​ខ្មែរ​, ខ្មែរ​កាត់​វៀតណាម​, វៀតណាម​កាត់​ខ្មែរ​, និង​កូន​ខ្មែរ​សុទ្ធ​មួយចំនួន​បាននាំគ្នា​អបអរសាទរ​គ្រប់គ្នា​។ តើ​មូល​ហេតុអ្វី​បាន​ពលរដ្ឋ​ខ្មែរ​សុទ្ធ​សោះ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែរ​? 
 
​សកលភាវូបនីយកម្ម គឺជា​ពាក្យ​ដែល​គេ​អាច​ស្តីបន្ទោស​បានជា​លក្ខណៈ​ទូទៅ​។ កូន​ខ្មែរ​សុទ្ធ​សែនព្រេន​ពេល​ចូលឆ្នាំ​ចិន គឺជា​និន្នាការ​សកលភាវូបនីយកម្ម​។ 
​មិន​ខុស​ទេ​ការលើកឡើង​បែបនេះ​។ តែ​ថា តើ​មាន​ហេតុផល​អ្វី​ផ្សេងទៀត​ទេ ដែល​បាន​រុញច្រាន​ឲ្យ​កូន​ខ្មែរ​សុទ្ធ​មួយចំនួន​សែនព្រេន​តាម​គេ​តាម​ឯង​ដែរនោះ​? វា​ពិត​ជាមាន​, 
ទី១ គឺ​កូន​ខ្មែរ​មួយចំនួន​ចូលចិត្ត​ធ្វើតាម​គេ​តៗ​គ្នា​។ ឃើញ​គេ​ធ្វើ​អ្វី ធ្វើ​ដែរ ដូចជា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ បុណ្យ​ណូអែល​…​។​
ទី​២ គឺ​ដោយសារ​ឥទ្ធិពល​នៃ​ពាក្យ​«​ចិន​ឆ្លាត​ជាង​ខ្មែរ​»​។ ពាក្យ​នេះ​បាន​ជំរុញ​ឲ្យ​កូន​ខ្មែរ​ខ្លះ​ខ្មាស​គេ​ខ្លាច​គេ​ថា កូន​ខ្មែរ​ល្ងង់ ក៏​បង្ខំចិត្ត​សែន​នឹង​គេ​ដែរ ចៀសវាង​កុំ​ឲ្យ​គេ​ថា ខ្មែរ​សុទ្ធ​ពេក​វា​ល្ងង់​។ 
ទី​៣ គឺ​ដោយសារ​ឥទ្ធិពល​ការសិក្សា​ភាសា​ចិន​នៅ​កម្ពុជា​។ កូន​ខ្មែរ​មួយចំនួន​ដែល​សិក្សា​ភាសា​ចិន ក៏​ចាប់ផ្តើម​សែន​ដូច​គេ​ដូច​ឯង​ដែរ​។​
ទី​៤ គឺ​ដោយសារ​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន​មកលើ​សង្គម​ខ្មែរ​។ តាមរយៈ​នេះ ខ្មែរ​មួយចំនួន​ដែល​ស្វែងរក​ការងារ​ធ្វើជា​មួយក្រុម​ហ៊ុន​ចិន ឬ​ធ្វើការ​ជាមួយ​មន្ត្រី​ជនជាតិ​ចិន​។ ចង់​មិន​ចង់ ពួកគេ​ក៏​ទទួលយក​វប្បធម៌​ចិន​ដោយ​មិនដឹង​ខ្លួន​។ 
ទី​៥ គឺ​ដោយសារ​សម្ពាធ​សង្គម មានន័យថា នៅពេល​ឃើញ​មនុស្ស​កាន់តែ​ច្រើនឡើង​នាំគ្នា​សែន អ្នក​ផ្សេងទៀត ទោះបីជា​ដឹងថា​ខ្លួនឯង​ជា​ខ្មែរ​សុទ្ធ​ក៏ដោយ ក៏ត្រូវ​បង្ខំចិត្ត​សែន​តាម​គេ​បន្តិចបន្តួច​ដែរ​។ ការធ្វើ​តាម​គ្នា​នេះ​អាច​ក្លាយទៅជា​ទម្លាប់ ហើយ​ទម្លាប់​អាច​នឹង​ក្លាយទៅជា​ប្រពៃណី​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​។ 
 
​ប្រសិនបើ​ដូច្នេះ​មែន ប្រពៃណី​ចិន ក៏​អាច​ចាក់ឫស​កប់​ជ្រៅ​ទៅក្នុង​សង្គម​ខ្មែរ​នាពេល​អនាគត​ដែរ​។ វា​មិន​ខុស​អី​ពី​អតីត​កាលដែល​ខ្មែរ​ទោរទន់​ទៅរក​វប្បធម៌​បារាំង និង​លោកខាងលិច​នោះទេ​៕ 
 
Loading...
Loading...