រឿង5យ៉ាងដាច់ខាត​ត្រូវ​ចៀសវាង​ ដើម្បី​គ្រួសារ​មាន​សេចក្តីសុខ

Loading...

បើ​ការ​សាង​គ្រួសារ​ឱ្យមាន​សេចក្តីសុខ​ជា​ចំណោទ​ដែល​ងាយស្រួល​ដែលអ្នកណាៗក៏​អាច​ធ្វើបាន​ដែរនោះ ប្រហែលជា​គ្មាន​បញ្ហា ឬ​ហេតុ​នៃ​ការ​លែងលះគ្នា​នោះឡើយ ដូច្នេះ​ភាពជោគជ័យ​នៅក្នុង​គ្រួសារ​គឺ ភាព​អត់ធ្មត់ និង​ការ​អភ័យទោស​ឱ្យ​គ្នា បើ​ប្រាសចាក​រឿង​ទាំងពីរ​នេះ​ពេលណា ខ្សែចំណង​នៃ​គ្រួសារ​ក៏​នឹង​ដាច់ដោច​អស់​ជាមិនខាន។ ប្រាកដ​ណាស់​ថា​ការដែល​នឹង​សាង​ក្រុមគ្រួសារ​ឱ្យមាន​សេចក្តីសុខ​ឥតខ្ចោះ​បាន​នោះ បុគ្គល​ដែល​សំខាន់បំផុត​ក៏​គឺ ស្វាមី-ភរិយា ឬ​ឪពុកម្តាយ​របស់កូនៗ ព្រោះ​ទាំងពីរ​នាក់​គឺជា​អ្នក​ដែលមាន​តួនាទី​ក្នុងការ​សាង​មនុស្ស សាង​ក្រុមគ្រួសារ ឱ្យ​ដើរទៅ​ក្នុងទិសដៅ​តែមួយ។



បញ្ហា​មួយ​ដែលមាន​ភាព​សំខាន់​ដល់​ការ​សាង​សេចក្តីសុខ​ក្នុង​គ្រួសារ គឺ​ការទាស់ទែង​រវាង​ស្វាមីភរិយា​ដែល​នឹង​ហុច​ផលប៉ះពាល់​មកដល់​ខ្លួន​កូន និង​សមាជិក​គ្រប់រូប​ក្នុង​ក្រុមគ្រួសារ ដូច្នេះ​ទើប​យើង​គួរតែ​សិក្សា និង​រិះរក​វិធី​កែប​ញ្ហា​រួមគ្នា​ដើម្បី​កុំឱ្យ​ភាព​ទាស់ទែង​នេះ​កើតឡើង​ក្នុង​គ្រួ​សារបាន។ ភាព​ទាស់ទែងផ្សេងៗដែល​កើតឡើង​ក្នុង​គ្រួសារ អាច​ញែក​បាន​ថា មកពី​មូលហេតុផ្សេងៗដូចខាងក្រោម​នេះ។

1.និស្ស័យ និង​ទម្លាប់​ផ្ទាល់ខ្លួន
ជា​រឿង​ដែល​ពិបាក​នឹង​ផ្លាស់ប្តូរ​ខ្លាំងណាស់ ព្រោះ​វា​ជា​និស្ស័យ​ដែល​ជាប់​នឹង​ខ្លួន​មក​យូរហើយ ធ្លាប់​ប្រតិបត្តិដដែលៗមកហើយ​កាលពី​អតីត ទោះបីជា​ផ្លាស់ប្តូរ​បាន​មែន តែ​ក៏បាន​ត្រឹម​តែមួយ​រយៈពេល​ប៉ុណ្ណោះ ដូច្នេះ​ស្វាមីភរិយា​ត្រូវតែទទួលស្គាល់ និង​ធ្វើ​ចិត្ត​ឱ្យបាន ហើយ​កែសម្រួល​ខ្លួន​ចូល​រកគ្នា ចេះ​បន្ធូរបន្ថយ ទើប​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង។

2.ខ្វះ​ភាព​ដឹងខ្លួន​ក្នុងតួនាទី និង​កាតព្វកិច្ច
សម័យមុន​ស្វាមី​មាន​តួនាទី​ជា​អ្នកដឹកនាំ ជា​មេ​គ្រួសារ រកប្រាក់​ចិញ្ចឹម​គ្រួសារ​បច្ចុប្បន្ន​ស្ត្រី​មាន​តួនាទី​ក្នុង​ការធ្វើការងារ រកប្រាក់​មក​ចិញ្ចឹម​ក្រុមគ្រួសារ​ដូចគ្នា តែ​ស្ត្រី​ក៏​នៅតែ​ត្រូវ​មក​ទទួលខុស​ត្រូវការ​ងារ​ក្នុងផ្ទះ និង​អប់រំ​ប្រដៅ​បុត្រ​ធីតា​ទៀត​ដែរ ទើប​ធ្វើឱ្យ​ពេលខ្លះ​ភរិយា​មាន​អារម្មណ៍​មួម៉ៅ និង​និយាយ​ច្រើន ធ្វើឱ្យ​កើតការ​ទាស់ទែង​ឡើង​បាន ហើយ​ស្វាមី​ខ្លះ​ក៏​មិន​ទទួលខុសត្រូវ​តួនាទី​របស់​ខ្លួនឯង នៅ​ចាំតែ​បន្ទោស ស្តីឱ្យ​ភរិយា​ថា មិន​អប់រំ​ប្រដៅ​កូន ទាំង​ដែល​ការងារ​ចិញ្ចឹម​ថែទាំ​អប់រំ​ប្រដៅ​កូន​ក៏​ជា​តួនាទី​ដោយ​ត្រង់​របស់​ទាំង​ឪពុក និង​ម្តាយ ដូច្នេះ​ទាំងពីរ​នាក់​ត្រូវ​ជួយ​គ្នា​ក្នុង​ការអប់រំ​មើលថែ​បុត្រ​ធីតា រហូតដល់​កិច្ចការងារ​ក្នុងផ្ទះ​ដែល​ត្រូវតែ​ជួយ​គ្នា​ទៅវិញទៅមក​ទៀតផង។

3.គ្មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញទៅមក
ដោយសារតែម្នាក់ៗសុទ្ធ​តែមាន​ភារកិច្ច​ត្រូវធ្វើ​ការងារ ពេលខ្លះ​ក៏​បែក​គ្នា​រស់នៅ ធ្វើឱ្យ​គ្មាន​ពេលវេលា​ជជែក​និយាយ​គ្នា មិនបាន​ដឹង​ពី​សុខទុក្ខ​របស់​គ្នា​ទៅវិញទៅមក ទើប​ក្រុមគ្រួសារ​គួរតែមាន “ទិវា​នៃ​គ្រួសារ” មួយ​សប្តាហ៍​មួយថ្ងៃ ឬ​ពេល​ណាមួយ​ស្រេច​តែ​ឯកភាពគ្នា មាន​ពេលវេលា​នៅ​ជួបជុំគ្នា ប៉ា ម៉ាក់ កូន និង​មាន​កិច្ចការងារ​ធ្វើ​រួមគ្នា។

4.ប្រើ​អំពើហិង្សា​សម្រេច​ក្តី​ក្នុង​គ្រួសារ
ការឈ្លោះប្រកែក ជេរ​បញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់​ថ្នាក់​វាយតប់​គ្នា រាប់បាន​ថា​ជា​ដំណោះស្រាយ​ដែល​ហៅ​បាន​ថា​ជាការ​ប្រើ​អំពើហិង្សា កម្លាំងបាយ ដោយ​ប្រាសចាក​សតិបញ្ញា ដែល​ភាគច្រើន​កើតចេញពី​ការនិយាយ​ពន្យុះ​របស់​ខាង​ណា​ម្នាក់ ធ្វើឱ្យ​ម្នាក់ទៀត​ខឹង​ខ្លាំង​រហូត​ទ្រាំលែងបាន ចាប់ផ្តើម​ប្រើ​អំពើហិង្សា​ដើម្បី​រម្ងាប់​ហេតុការណ៍។

5.មិន​ស្មោះត្រង់
ការ​ក្បត់ចិត្ត​គ្នា​របស់​ស្វាមី ឬ​ភរិយា រាប់បាន​ថា​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ក្រុមគ្រួសារ​ជាច្រើន​ដួលរលំ​បាក់បែក​រួចមក​ហើយ​រាប់មិនអស់។

យ៉ាងណាក៏ដោយ បើ​មនុស្ស​ក្នុង​គ្រួសារ​មាន​បញ្ហា​នឹង​គ្នា មិនថាតែ​ស្វាមីភរិយា ឬ​សមាជិក​ដទៃទៀត​នោះទេ មិនគួរ​បណ្តោយ​ទុកចោល​ឱ្យ​វា​នៅ​រ៉ាំរ៉ៃ​រហូត​ក្លាយជា​បញ្ហា​រីក​រាលដាល ព្រោះតែ​ការមិនយល់​គ្នា​នោះឡើយ គ្រប់គ្នា​គួរ​បែរមុខ​មក​និយាយ​គ្នា រិះរក​វិធី​កែខៃ​បញ្ហា​រួមគ្នា និង​រឿង​ដែល​ចាំបាច់​មួយទៀត​ក្នុង​ការរស់នៅ​រួមគ្នា គឺ​ការគោរព​សិទ្ធិ​របស់​គ្នា​ទៅវិញទៅមក​ទើប​គ្រួសារ​មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​យូរអង្វែង៕

 

Loading...
Loading...