ឃើញ​មនុស្ស​លង់ទឹក​ត្រូវ​ជួយសង្គ្រោះ​បែបណា​ដើម្បី​កុំឱ្យ​ជនរងគ្រោះស្លាប់!

Loading...
មនុស្សលង់ទឹកភាគច្រើន ដែលនៅសង្ឃឹមរស់តែបែរជាស្លាប់ គឺបណ្តាលមកពីអ្នកជួយសង្គ្រោះជួយមិនត្រឹមត្រូវតាមក្បួនខ្នាត។ ថ្ងៃនេះខ្មែររីដសូមលើកយកអត្ថបទដ៏សំខាន់នេះចែកជូនប្រិយមិត្តសម្រាប់ជាទុនមួយទុកតាមខ្លួនក្នុងករណីជួបមនុស្សលង់ទឹក និង ដឹងស្រាប់ពីវិធីសង្គ្រោះបឋម។
 
 ១. ហៅគេឱ្យជួយ
  • ត្រូវសង្កេតមើលជុំវិញខ្លួនរកមើលអ្នកជំនាញសង្គ្រោះជីវិតមនុស្សលង់ទឹក។ ប្រសិនបើគ្មាន សូមឱ្យនរណាម្នាក់តេហៅឡានពេទ្យជាបន្ទាន់គឺលេខ ៩១១។
  • ប្រសិននៅកន្លែងកើតហេតុមានតែលោកអ្នកម្នាក់ឯងទេ សូមអនុវត្តតាមវិធីខាងក្រោម។
២. ស្រង់មនុស្សលង់ទឹក
  • ស្រង់ជនរងគ្រោះដាក់លើគោកឱ្យបានត្រឹមត្រូវ (កុំភ័យស្លន់ស្លោ ត្រូវធ្វើចិត្តឱ្យត្រជាក់)។
៣. ពិនិត្យដង្ហើមជនរងគ្រោះ
  • ដាក់ត្រចៀករបស់អ្នកក្បែរមាត់និងច្រមុះរបស់ជនរងគ្រោះ។ តើស្តាប់ឮខ្យល់ដង្ហើមដែរឬក៏អត់?
  • មើលដើមទ្រូងជនរងគ្រោះថាមានសកម្មភាពកម្រើកបន្តិចខ្លះទេ។
៤. ប្រសិនបើជនរងគ្រោះគ្មានដង្ហើមទេ សូមពិនិត្យជីបចរ
  1. ត្រូវពិនិត្យជីបចររយៈពេល ១០ វិនាទី (ស្ទាបក្រោមចង្អូរកខាងស្តាំ) (មើលវីដេអូដើម្បីឱ្យកាន់តែច្បាស់)។
៥. ប្រសិនបើគ្មានជីបចរទេ ត្រូវចាប់ផ្តើមវិធីសង្គ្រោះបឋម ហៅកាត់ថា CPR ភ្លាម
* ត្រូវដាក់ជនរងគ្រោះដេកផ្ងារ
  • សម្រាប់មនុស្សធំ ឬកូនក្មេង ត្រូវដាក់កែងបាតដៃម្ខាងនៅលើកណ្តាលទ្រូងស្របនឹងក្បាលសុដន់។ បន្ទាប់មកយកដៃម្ខាងទៀតសង្កត់ពីដៃដែលដាក់លើទ្រូងអំបាញ់មិញ។ សម្រាប់ទារក ត្រូវយកម្រាមដៃពីរដាក់លើឆ្អឹងសន្ទះទ្រូង។
  • សម្រាប់មនុស្សធំឬកូនក្មេង ត្រូវសង្កត់ទ្រូងឱ្យស្រុតចុះប្រហែល ២ អ៊ីញ។ ត្រូវប្រាកដថាមិនសង្កត់លើឆ្អឹងជំនីរឡើយ។ សម្រាប់ទារក ត្រូវសង្កត់ឱ្យស្រុតចុះក្រោមពី ១ អ៊ីញ ទៅ ១ អ៊ីញកន្លះ។ ត្រូវប្រាកដថាមិនសង្កត់នៅចុងឆ្អឹងសន្ទះទ្រូងឡើយ។
  • សង្កត់ទ្រូង ៣០ ដង នៅល្បឿន ១០០ ដងក្នុងមួយនាទី ឬច្រើនជាងនេះ (មានន័យថាសង្កត់រាងញាប់បន្តិច)។
  • ពិនិត្យមើលថាតើជនរងគ្រោះមានដង្ហើមឬក៏អត់។
សម្គាល់៖ ការណែនាំទាំងនេះមិនបានន័យថាអាចជំនួសការហាត់រៀនផ្នែក CPR បានទាំងស្រុងទេ។ លោកអ្នកអាចរកសាលារៀនត្រឹមត្រូវដើម្បីមានជំនាញច្បាស់លាស់។
 
៦. សង្កត់ទ្រូងបន្តទៀតប្រសិនបើជនរងគ្រោះនៅតែគ្មានដង្ហើម
  • ឥឡូវត្រូវបើកដង្ហើមជនរងគ្រោះដោយផ្ងើយក្បាលជនរងគ្រោះ និងលើកចង្ការឡើងលើ។
  • ច្របាច់ច្រមុះជនរងគ្រោះឱ្យជិត។ យកមាត់របស់អ្នកគ្របពីលើមាត់ជនរងគ្រោះហើយបញ្ចូលខ្យល់ដង្ហើមដល់ជនរងគ្រោះចំនួន ២ វិនាទី ហើយខណៈនោះត្រូវមើលទ្រូងជនរងគ្រោះថាតើមានហើបឡើងលើទេពេលបញ្ចូលខ្យល់ដង្ហើម។
  • បញ្ចូលខ្យល់ដង្ហើម ២ ដងរាល់ការសង្កត់ទ្រូង ៣០ ដង។
  • បន្តសង្កត់ទ្រូងរាល់ ៣០ ដង រួចបញ្ចូលខ្យល់ដង្ហើម ២ ដងរហូតទាល់តែជនរងគ្រោះចាប់ផ្តើមដកដង្ហើម ឬ ក្រុមសង្គ្រោះមកដល់ដើម្បីជួយសង្គ្រោះបន្តទៀត។
Loading...
Loading...