ចង់មានបុត្រ…តើគូស្វាមី ភរិយា គួរត្រៀមអ្វីខ្លះ?

Loading...
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន (ឲ្យដូចអ្នកឯទៀត) តែ…តើអ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយមែនឬ? ជួនកាលការមានបុត្រ អាចមិនមែនជាអ្វី ដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗទៀតជាច្រើន ដែលអ្នកគួរតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…។
 
រឿងលុយកាក់៖ រឿងលុយកាក់ជាបច្ច័យសំខាន់សំរាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូនមានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន  មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌  ថ្លៃប្រសូត្រ  ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតដល់ថ្លៃរៀនសូត្ររបស់កូន  ថ្លៃហូបចុក  ថ្លៃរបស់ប្រើប្រាស់ និងថែមទាំងមានថ្លៃថែទាំព្យាបាលផ្សេងៗទៀតផង ។  បែបនេះបើសឹនជាមិនបានត្រៀមឲ្យបានសព្វគ្រប់ទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូនបានយ៉ាងល្អប្រសើរនោះឡើយ ដូច្នេះគួររង់ចាំឲ្យកិច្ចការហិរញ្ញវត្ថុរបស់ខ្លួនស្ថិតស្ថេររឹងមាំជាមុនសឹន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ ។
 
ភាពស៊ូទ្រាំ៖ បើអ្នកនៅក្មេងសេចក្តី នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅពេលនោះបានទេ  ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់  ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ 9 ខែ ហើយនៅត្រូវភ្ញាក់មកបំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើងនៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូននោះទៀត  ដូច្នេះហើយទើបការមានបុត្រ គួរទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿង ទាំងអស់នោះបាន ។
 
វ័យ៖ ក្រៅពីចិត្តគំនឹតត្រូវតែចាស់ទុំហើយនោះ  រឿងរបស់អាយុវ័យក៏ពាក់ព័ន្ធដែរ  ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ហើយមានបុត្រទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ព្រោះនៅត្រូវរៀនសូត្រផងនោះការចិញ្ចឹមមើលថែទាំកូនប្រហែលជារឹតតែពិបាកឡើងទៀតទ្វេដងមិនខាន ដូច្នេះហើយចូរជ្រើសរើសមានបុត្រក្នុងវ័យកណ្តាលៗ ឬនៅចុងវ័យ 20 ឆ្នាំទើបជាការប្រសើរបំផុត។
គេគឺពិតជាមនុស្សដែលអ្នកត្រូវការមែនឬ?៖ រវាងការជាគូស្នេហ៍ ជាមួយនឹងការជាស្វាមីភរិយានឹងគ្នា វាជារឿងមួយផ្សេងពីគ្នា  ព្រោះជួនកាលតឲ្យសេពគប់គ្នាយ៉ាងល្អនិងផ្អែមល្ហែមប៉ុនណា  តែដល់មករស់នៅជាមួយគ្នាមែនទែននោះ អាចមិនសូវចុះសម្រុងគ្នាក៏ថាបានដែរ ព្រោះមនុស្សយើងនឹងបានឃើញពីចារឹកនិស្ស័យរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលបានមកនៅក្រោមតំបូលផ្ទះតែមួយជាមួយគ្នាហ្នឹងឯង  ដូច្នេះបើសឹនជាអ្នកមានបុត្រជាមួយគ្នាហើយ អាចនឹងធ្វើឲ្យមានការលែងលះគ្នាកាន់តែពិបាកឡើង ឬអាចនឹងធ្វើឲ្យកូនក្លាយជាក្មេងមានបញ្ហាទៅថ្ងៃក្រោយបាន ។
 
នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនយ៉ាងពេញទំហឹង៖ ពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសំរាប់ខ្លួនឯងសោះឡើយ ដូច្នេះពេលមិនបានធ្វើអ្វីដែលធ្លាប់ស្រម៉ៃថាចង់ធ្វើពីមុនមក អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយបាន ព្រោះបើរង់ចាំឲ្យកូនធំៗសឹន ហើយចាំធ្វើនោះ អ្នកអាចមានអាយុច្រើនរហូតរាងកាយចុះទន់ខ្សោយ មិនអាចធ្វើបានទៀតហើយ ដល់ពេលនោះប្រហែលជានឹកស្តាយខ្លាំងណាស់មែនទេ?
 
មុខនាទីការងារ៖ រឿងមួយនេះគឺជារឿងល្អិតល្អន់ដែលអ្នកត្រូវប្រើពេលវេលាគិតគូរឲ្យបានយូរបន្តិច  ដោយសារតែការងារខ្លះ ពេលមានបុត្រហើយអ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀត ឬគ្មានប្រាក់ឧប្បត្ថម្ភសំរាប់អ្នកមានផ្ទៃពោះគ្រប់គ្រាន់ ដូច្នេះអ្នកគួរសួរខ្លួនឯងមុនយកបុត្រជាមុនសឹនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត?  សុំឈប់ធ្វើការមកធ្វើជាមេផ្ទះដើម្បីចិញ្ចឹមមើលថែរកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?
 
ផ្ទះសម្បែងក៏ត្រូវត្រៀមទុកជាមុនដែរ៖ សាកល្បងពិនឹត្យមើលថា តើពេលនេះផ្ទះរបស់អ្នកមានទីកន្លែងច្រើនគ្រប់គ្រាន់សំរាប់ចិញ្ចឹមថែទាំកូនហើយឬនៅ  បើមានត្រឹមតែបន្ទប់គេងធំតែមួយសំរាប់អ្នកនិងស្វាមី(ឬភរិយា)នោះ ក៏សូមកុំអាលគិតចង់បានកូនអីល្អជាង  ព្រោះពេលកូននៅតូច អាចគេងបន្ទប់ជាមួយគ្នាបាន  តែដល់ពេលធំឡើងបន្តិច យ៉ាងណាក៏កូនៗក៏ត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនដើម្បីបំពេញធុរះ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ៕
Loading...
Loading...