ទទួលបានរូបរាងស្លីមស្រស់ស្អាតនឹកស្មានមិនដល់ ដោយគ្រាន់តែអនុវត្តតាមរបៀបងាយៗធម្មតាមួយចំនួននេះ

Loading...

តើអ្នកកំពុងស្វែងរកផែនការរបបអាហារដើម្បីសម្រកទម្ងន់ដែលសាកសមជាមួយនឹងរបៀបរស់នៅ តម្រូវការ និងចំណង់ចំណូលចិត្ត របស់អ្នកមែនទេ? ខាងក្រោមជាអាថ៌កំបាំងមួយចំនួនដែលនឹងជួយអ្នកឲ្យមើលទៅមានរូបរាងស្លីមស្រស់ស្អាត និងសាកសមបំផុត។ គន្លឹះសំខាន់ គឺមិនមាននៅក្នុងរបបអាហារឡើយ ប៉ុន្តែស្ថិតក្នុងការអនុវត្តតាមទម្លាប់ថ្មីទាំងនេះ ៖



១. កំណត់គោលដៅពិតប្រាកដ ៖ កំណត់គោលដៅសម្រាប់រយៈពេលវែង ឬខ្លីណាមួយក៏បាន។ ធានាឲ្យបានថាមានភាពប្រាកដនិយម ហើយអាចសម្រេចបាន។ កំណត់គោលដៅតូចៗដែលអ្នកអាចឈានដល់ ឬសម្រេចបានក្នុងរយៈពេលខ្លីមួយ។ ចំណាយពេលមួយភ្លែតដើម្បីផ្ដល់រង្វាន់ដល់ខ្លួនឯងនៅរៀងរាល់ពេលសម្រេចគោលដៅបានជោគជ័យម្ដងៗ។ ការធ្វើបែបនេះនឹងជួយអ្នកឲ្យរក្សាបាននូវឥរិយាបថវិជ្ជមានឆ្ពោះទៅរកការសម្រេចបាននូវគោលដៅចុងក្រោយបំផុតរបស់ខ្លួន។

២. ទទួលទានអាហារពេលព្រឹកច្រើន ប៉ុន្តែទទួលទានអាហារពេលល្ងាចតិច ៖ ធ្លាប់ឮឃ្លាដ៏ល្បីល្បាញមួយ  “ទទួលទានអាហារពេលព្រឹកឲ្យដូចស្ដេចមួយអង្គ ហើយទទួលទានអាហារពេលល្ងាចឲ្យដូចអ្នកក្រខ្សត់ម្នាក់”  ដែរឬទេ? ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលរំលងមិនទទួលទានអាហារពេលព្រឹក គឺមានហានិភ័យខ្ពស់ប្រឈមនឹងការធាត់ដុះក្បាលពោះ។ ដូច្នេះ វាពិតមានជាសារៈសំខាន់ខ្លាំងណាស់ដែលអ្នកគួរទទួលទានអាហារពេលព្រឹក ហើយអាហារទាំងនោះគួរតែជាអាហារដែលមានជីវជាតិ។ ទទួលទានអាហារពេលល្ងាចបន្តិចបន្តួចនឹងជួយអ្នកឲ្យគេងលង់លក់ដូចកូនក្មេង និងថែមទាំងធ្វើឲ្យការរំលាយអាហាររបស់អ្នកមានលក្ខណៈប្រសើរឡើងទៀតផង។

៣. រៀនស្វែងយល់នៅពេលដែលឃ្លាន ៖ ធ្លាប់ដឹងទេថារាងកាយរបស់ពួកយើងជាញឹកញយបង្កឲ្យមានអារម្មណ៍ថាឃ្លាន នៅពេលស្រេកទឹក ? នៅពេលដែលពួកយើងខ្សោះជាតិទឹក ឬខ្វះជាតិទឹកក្នុងខ្លួន រាងកាយនឹងទទួលបាននូវសញ្ញាដូចគ្នានឹងពេលដែលយើងបរិភោគអាហារមិនទាន់ឆ្អែតដូច្នោះដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ វាជាការសំខាន់ណាស់ដើម្បីរក្សាឲ្យបានចំពោះការទទួលទានសារធាតុរាវ។ នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន ចូរទទួលទានទឹកធម្មតាមួយកែវជាមុនសិន ហើយបន្ទាប់មករងចាំរយៈពេល ២ ទៅ ៣នាទី ដើម្បីជៀសវាងការទទួលទានកាន់តែច្រើនលើសពីអ្វីដែលអ្នកត្រូវការ។

៤. ព្យាយាមទទួលទានតិចៗ ប៉ុន្តែញឹកញាប់ ឬច្រើនដង ៖ ចន្លោះពេលយូរពេកនៃការទទួលអាហារនឹងធ្វើឲ្យអ្នកឃ្លានខ្លាំង។ អ្នកនឹងទទួលទានអ្វីគ្រប់យ៉ាងលឿន ហើយខណៈពេលដែលអ្នកមានអារម្មណ៍ថាឆ្ងាញ់ជាប់មាត់ នោះអ្នកប្រាកដជាភ្លេចខ្លួនទទួលទានអាហារច្រើនលើសពីអ្វីដែលរាងកាយរបស់ត្រូវការ។

៥. រៀនចម្អិនអាហារ ៖ ជាធម្មតា មនុស្សភាគច្រើនបានគិតថា “អាហារសុខភាព” គឺគ្មានរសជាតិ មិនឆ្ងាញ់ត្រូវមាត់ ប៉ុន្តែអាថ៌កំបាំងនោះ គឺរៀនស្វែងយល់ពីរបៀបឲ្យមានស្រស់ស្អាតគួរឲ្យចង់ទទួលទាន និងប្លែកខុសគ្នាពីមួយមុខទៅមួយមុខទៀត។ ទទួលយកឱកាសដើម្បីសាកល្បងអាហារថ្មីៗ និងរៀនធ្វើអាហារសុខភាពដែលផ្សំឡើងពីបន្លែ ឬផ្លែឈើផ្សេងៗដែលអ្នកចូលចិត្ត។

៦. បង្កើតក្រាហ្វិកនៃពេលវេលាមួយ ៖ គម្រោងមួយប្រចាំសប្តាហ៍ គឺជាគំនិតដ៏អស្ចារ្យ។ តាមរយៈវិធីនេះអ្នកនឹងអាចសម្រេចបាននូវគោលដៅកាន់តែងាយស្រួល។ឧទាហរណ៍ ៖ រៀបចំអាហារ និងសកម្មភាពមួយចំនួនទៀតទុកសម្រាប់សប្តាហ៍បន្ទាប់ ដូចជា ការជិះកង់ ការដើរទៅកាន់ទីកន្លែងដ៏ស្រស់ស្អាតមួយ ឬរៀបចំអាហារឆ្ងាញ់ៗ និងអាហារសុខភាពជាមួយមិត្តភក្តិជាដើម។ ចូរព្យាយាមធ្វើសកម្មភាពខុសៗគ្នាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដើម្បីកុំឲ្យមានភាពធុញទ្រាន់។

៧. មិនគួរទទួលទានអាហារតាមចិត្តចង់ ៖ ពេលខ្លះពួកយើងធ្វើការផ្ដល់រង្វាន់ដល់ខ្លួនឯង សម្រាប់អាកប្បកិរិយាល្អណាមួយ។ ប៉ុន្តែនោះមិនមែនមានន័យថាអ្នកអាចទទួលការ៉េមមួយគីឡូឡើយ ក៏មិនមែនមានន័យថាមិនទទួលទានសោះនោះដែរ។ ទទួលទានអាហារដែលចូលចិត្តត្រឹមតែបន្តិចបន្តួច ហើយត្រឡប់ទៅរកទម្លាប់នៃរបបអាហារដើមរបស់អ្នកវិញ គឺជាការប្រសើរបំផុតក្នុងការរក្សារាងឲ្យស្លីមស្អាត។

៨. កាត់បន្ថយ ឬផ្លាស់ប្ដូរចំនួនអាហារ ៖ វិធីល្អមួយក្នុងការបោកបញ្ឆោតខួរក្បាលរបស់អ្នក និងជៀសវាងការទទួលទានលើសកម្រិតនោះ គឺការទទួលអាហារលើចានតូចៗ។ បរិមាណនៃអាហារដូចគ្នា ប៉ុន្តែបើដាក់ក្នុងចានតូចៗនោះអាហារនឹងមើលទៅច្រើន ហើយអ្នកនឹងមានអារម្មណ៍ថាទទួលទានអស់ច្រើ​​​ន។

៩. គិតវិជ្ជមាន ៖ នៅពេលដែលអ្នកខកចិត្ត និងមានអារម្មណ៍ថាចង់បោះបង់ចោល ឬចុះចាញ់ ចូរគិតអំពីអ្វីដែលវិជ្ជមាន និងអំពីគោលដៅដែលអ្នកបានសម្រេចរួចមួយចំនួនហើយ មិនថាទើបនឹងសម្រេចបានតិចយ៉ាងណាក៏ដោយ។ កត់ត្រាគោលដៅចម្បងនិងសំខាន់បំផុតរបស់អ្នកជារៀងរាល់ថ្ងៃដើម្បីជាការរំឭកខ្លួនឯងថា ចង់សម្រេចវាខ្លាំងប៉ុណ្ណា។ ការធ្វើបែបនេះនឹងរក្សាការផ្ដោតអារម្មណ៍របស់ខ្លួនឯង ហើយថែមទាំងជាការជម្រុញលើកទឹកចិត្តទៀតផង។

១០. ព្យាយាមដោះស្រាយភាពតានតឹង ៖ ភាពតានតឹងធ្វើឲ្យអ័រម៉ូន cortisol (អ័រម៉ូនដែលធ្វើឲ្យមានការលំបាកនិងស្មុគស្មាញដល់ការស្រកទម្ងន់) កើតឡើង។ ដូច្នេះ ចូរបញ្ឈប់ការគិតច្រើន សម្រួលអារម្មណ៍ឲ្យធូរស្បើយមិនតានតឹង ដោយព្យាយាមអានសៀវភៅផ្សេងៗ និងព្យាយាមធ្វើអ្វីដែលខ្លួនឯងចូលចិត្តខ្លាំង៕

 

Loading...
Loading...