រោគសញ្ញាទាំង ៦ ដែលបង្ហាញថា ថ្លើម របស់អ្នកកំពុងតែទទួលរងនូវបន្ទុកដ៏ធ្ងន់ហួសមួយ ហើយអ្នកមិនគួរមិនខ្វល់ឡើយ!

Loading...

ថ្លើមរបស់ពួកយើង គឺជាផ្នែកមួយនៃសរីរាង្គបន្សាបជាតិពុលក្នុងរាងកាយ ហើយវាមានមុខងារធ្វើការលំបាកជាច្រើនរៀងរាល់ថ្ងៃ។ ដូចនេះវាហាក់ដូជាគ្មានអ្វីដែលគួរឆ្ងល់ដែលថ្លើមតែងទទួលរងនូវភាពតានតឹង! ប្រសិនបើថ្លើមរបស់អ្នកមិនអាចបម្លែងពុលទៅជាកាកសំណល់ប្រកបដោយសុវត្ថិភាពទេនោះ ជាតិពុលនឹងប្រមូលផ្ដុំក្នុងជាលិកខ្លាញ់របស់អ្នក ហើយវានឹងត្រូវបញ្ចេញ ចេញពីខ្លួនរបស់អ្នកនៅពេលណាដែលថ្លើមដំណើរការធម្មតាវិញ។ ខាងក្រោមជារោគសញ្ញាទាំង ៦ ដែលបង្ហាញថា ថ្លើមរបស់អ្នកកំពុងទទួលរងនូវបន្ទុកដ៏ធ្ងន់ហួសមួយ។ ធ្វើការពិនិត្យរោគសញ្ញាមួយៗ ដោយប្រុងប្រយ័ត្នដើម្បីអាចដឹងបានថាតើថ្លើមរបស់អ្នកកំពុងព្យាយាមបញ្ជូនសញ្ញាព្រមានអ្វីខ្លះដល់អ្នក ៖



១. ភ័ន្តភាំង ៖ ប្រសិនបើថ្លើមរបស់អ្នកទទួលនូវបន្ទុកធ្ងន់ហួសពេកនោះ វាមិនអាចមានសមត្ថភាពច្រោះឈាមបានត្រឹមត្រូវឡើយ។ ជាលទ្ធផល ជាតិពុុលនឹងកើនឡើង ហើយអាចឈានចូលទៅដល់ខួរក្បាលរបស់អ្នក។ នៅពេលដែលបញ្ហានេះកើតឡើង អ្នកនឹងអាចកត់សម្គាល់ឃើញមានរោគសញ្ញាមួយចំនួនដូចជា ភ័ន្តភាំងមានអារម្មណ៍ច្របូកច្របល់ មានបញ្ហាផ្សេងៗជាច្រើនទៀតពាក់ព័ន្ធនឹងការចងចាំ រួមទាំងពិបាកក្នុងការសម្រេចចិត្តចំពោះអ្វីមួយ។

២. កម្រិតជាតិស្ករក្នុងឈាមចុះទាប ៖ ថ្លើមរបស់អ្នក ក៏មានមុខងារទទួលខុសត្រូវសម្រាប់ការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតាផងដែរ។ នៅពេលដែលថ្លើមរបស់អ្នកកំពុងទទួលរងភាពតានតឹងនោះវាអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះទាបភ្លាមៗ។ ជាធម្មតាថ្លើមរបស់អ្នកត្រូវដំណើរការ និងផលិតគ្លុយកូស បន្ទាប់ពីអ្នកទទួលអាហាររួច។ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើថ្លើមរបស់អ្នកមិនអាចបញ្ចេញជាតិស្ករក្នុងឈាមទៅក្នុងចរន្តឈាមទេ នោះកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនឹងធ្លាក់ចុះយ៉ាងខ្លាំង។ ជាលទ្ធផលនៃកម្រិតជាតិស្ករក្នុងឈាមទាប គឺធ្វើឱ្យអ្នកអស់កម្លាំង មានអារម្មណ៍មួម៉ៅ និងអសមត្ថភាពក្នុងការប្រមូលអារម្មណ៍ឬផ្ដោតអារម្មណ៍។

៣. អតុល្យភាពនៃអ័រម៉ូន ៖ ថ្លើម ក៏មានមុខងារដឹកនាំចាត់ចែងអ័រម៉ូនភេទរបស់យើងផងដែរ។ ថ្លើមដែលដំណើរការមិនត្រឹមត្រូវ គឺអាចជាមូលហេតុបណ្ដាលឲ្យកើតមានអតុល្យភាពនៃកម្រិតអ័រម៉ូនស្ត្រី អេស្ត្រូសែ្សន (estrogen) និង អ័រម៉ូនបុរស តេស្តូស្តេរ៉ូន (testosterone)។ ជាលទ្ធផលនៃអតុល្យភាពអ័រម៉ូន គឺនាំឲ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើនដូចជា ការថយចុះចំណងផ្លូវភេទ ហើយថែមទាំងធ្វើឲ្យរោគសញ្ញាមួយចំនួនដែលកើតមានមុនពេលស្ត្រីជិតមករដូវប្រែជាអាក្រក់ដុនដាបទៀតផង។

៤. ការប្រែប្រួលនៃអារម្មណ៍ ៖ អារម្មណ៍ ក៏ដូចជាការចងចាំរបស់អ្នក គឺពឹងផ្អែកទៅលើសភាវៈនៃខួរក្បាល។ នៅពេលដែលជាតិពុលចូលទៅដល់ក្នុងខួរក្បាលនោះអ្នកនឹងជួបប្រទះនូវបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការចងចាំអ្វីមួយ ហើយចំពោះអារម្មណ៍វិញ គឺឧស្សាហ៍ប្រែប្រួលជាញឹកញាប់។ ការថប់បារម្ភ និងបាក់ទឹកចិត្ត ក៏ជាប់ទាក់ទងជាមួយនឹងលក្ខខណ្ឌស្ថានភាពនៃថ្លើមរបស់អ្នកផងដែរ។ ប្រសិនជាអ្នកសម្គាល់ឃើញនូវរោគសញ្ញាមួយចំនួនរៀបរ៉ាប់នោះ រឿងដ៏ល្អបំផុតដែលអ្នកគួរធ្វើ គឺទៅជួបពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេស និងទទួលការត្រួតពិនិត្យសុខភាពសិនមុននឹងទទួលទានថ្នាំប្រភេទណាមួយ។

៥. ជម្ងឺពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំ៖ ការលើកឡើងមួយចំនួនបានឲ្យដឹងថា ដោយសារតែកង្វះនៃវីតាមីនសេជាហេតុបណ្ដាលឲ្យមនុស្សមួយចំនួនឧស្សាហ៍កើតជម្ងឺផ្ដាសាយ និងងាយឆ្លងនូវជម្ងឺផ្សេងៗទៀត។ ប៉ុន្តែទោះជាយ៉ាងណាមតិមួយចំនួនទៀតបានលើកឡើងថា ថ្លើម គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធភាពស៊ាំដ៏រឹងមាំមួយ។ មានន័យថា ថ្លើមរបស់អ្នកកាន់តែមានសុខភាពល្អប៉ុណ្ណា វានឹងធ្វើការប្រយុទ្ធប្រឆាំងនឹងវីរុសបាក់តេរីផ្សេងៗបានខ្លាំងប៉ុណ្ណោះដែរ។

៦. គេងមិនដកដង្ហើម ៖ គេងមិនដកដង្ហើម គឺជាជម្ងឺមួយដែលធ្វើឲ្យអ្នកជម្ងឺផ្អាកការដកដង្ហើមក្នុងរយៈពេលតិចជាង ១០វិនាទី កំឡុងពេលគេង។ ក្នុងករណីធ្ងន់ធ្ងរផ្លូវដង្ហើមអាចត្រូវបានរាំងស្ទះអស់រយៈពេលដល់ទៅ ២ ឬ ៣ នាទីឯណោះ។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃជម្ងឺគេងមិនដកដង្ហើម គឺការគេងស្រមុក។ ប្រសិនបើអ្នកកត់សម្គាល់រោគសញ្ញាណាមួយនៃជំងឺគេងមិនដកដង្ហើម នោះអ្នកគួរតែទៅធ្វើតេស្តពិនិត្យសុខភាពថ្លើមរបស់អ្នក ក៏ព្រោះបញ្ហានេះអាចជាសញ្ញាបង្ហាញឲ្យដឹងថា ថ្លើមរបស់កំពុងដំណើរការខុសប្រក្រតី ៕

 

Loading...
Loading...