របៀបធ្វើ ខជើងមាន់​សៀងខ្មៅ

គ្រឿងផ្សំ
  • ជើងមាន់ ១គីឡូ
  • សៀងខ្មៅ កន្លះខាំ
  • មើមខ្ញីចិញ្រ្ចាំ ១ខាំ
  • ខ្ទឹមសចិញ្ច្រាំ ១ខាំ
  • ម្ទេសផ្អែម ៥ផ្លែ
  • ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
  • ស្ករត្នោត ២ស្លាបព្រាបាយ
  • ទឹកខ្យង ៥ស្លាបព្រាបាយ
  • ស្រាស កន្លះពែង
  • ប្រេងចៀន ១ដប
របៀបធ្វើ
  1. ប្រឡាក់ជើងមាន់​នឹងស្រាស​កន្លះ​ពែង ទុក​ចំនួន​មួយ​ម៉ោង ហើយ​ដាក់ស្ងោរ អោយ​ផុយទន់​ស្បែក ទើប​ស្រង់​ចេញ​អាយសម្រស់​ទឹកអោយស្ងួត។
  2. ដាក់ប្រេងក្នុងខ្ទះ​ដាំអោយ​ក្តៅ ហើយបំពង​ជើងមាន់​អោយក្រឡោត​​ឡើងក្រហមល្អ ទើប​ស្រង់​ចេញដួស​ទុកអោយ​ត្រជាក់។ ពេល​បំពង សូម​គ្របគ​ម្របកុំខាន ដើម្បី​កុំអោយ​ខ្លាញ់​ផ្ទុះ​រលាកដៃ ឬ មុខ។ យកល្អ សូមប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លាដូច​កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាងក្នុង។
  3. ក្នុង​ឆ្នាំងថ្មីមួយ សូម​ដាក់ស្ករត្នោត​កូរអោយ​ក្រហម​ឡើងជើងអង្ក្រង រួចដាក់​ខ្ទឹម​សចិញ្រ្ចាំ និង​មើមខ្ញី​ចិញ្រ្ចាំ​ចូល​កូរអោយ​ឈ្ងុយ ទើប​ចាក់ស្រាស ១វែក ថែម​ទឹកខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូច​កាក់) ចូល​ថែមទៀត​កូរ​អោយសព្វ។
  4. ចាក់ជើង​មាន់បំពងចូល កូរអោយចូល​ជាតិ ហើយ​ថែមទឹក ដាក់ខ​អោយចូល​ជាតិ​រហូត​ផុយទន់​ស្បែក​ជើងមាន់។ បើមិន​ទាន់ផុយ សូមថែម​ទឹកទៀត រំងាស់​ទាល់​តែផុយ រួចភ្លក្ស​ថែមថយ​គ្រឿង​តាមចំណូលចិត្ត​ត្រូវការ។
  5. នៅពេល​ដួសបរិភោគក្តៅ សូមរោយ​ម្ទេស និង ស្លឹកខ្ទឹម។ បើសិន​ជា​ខត្រជាក់ សូមដួសដាក់​ចាន​ចំហុយជាមួយម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម​នោះនឹង​មានរសជាតិកាន់​តែឆ្ងាញ់៕

របៀបធ្វើ ខជើងមាន់​សៀងខ្មៅ :: Cam Location

Loading...