របៀបធ្វើ ចេកអាំងទឹកស្ករ

Loading...
គ្រឿងផ្សំ
  • ចេកណាំវា (ចេកទឹក) ទុំ ១ ស្នឹត
  • ស្ករត្នោត ៣ ខាំ (ស្ករក្រាម)
  • ស្ករស ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ២៥០ មីលីលីត្រ
  • សាច់ដូងខ្ចី កោសជាសរសៃ ១ កូនចានចង្កិះ
  • ស្លឹកតយ ៣ សន្លឹក
របៀបធ្វើ
  1. ដាក់ស្ករត្នោត ស្ករស អំបិល និងខ្ទិះដូង ៣-៤ ស្លាបព្រាបាយ ក្នុងឆ្នាំង រំងាស់អោយរលាយចូលគ្នាសាច់មួយ (កូអោយរលាយ និងពុះសព្វ)។
  2. ដាក់ខ្ទិះដូងដែលនៅសល់ចូល កូអោយសព្វ ទុកអោយពុះ រួចដាក់ស្លឹកតយចូល រំងាស់អោយខាប់បន្តិច សឹមដាក់សាច់ដូងចូល កូពីរបីត្រឡប់ សឹមបិទភ្លើង។
  3. យកចេកបកសំបកអោយស្អាត កាត់ជាកង់ៗខ្លីល្មម រួចយកចង្កាក់ឬស្សីមកដោត រហូតដល់អស់ចេក។
  4. យកចេកដែលដោតរួចទៅអាំងអោយឡើងពណ៌ត្នោត ប្រហែល ១៥នាទី រួចត្រឡប់ទៅម្ខាងទៀតប្រហែល ១៥នាទីទៀត។
  5. យកចេកដែលអាំងឆ្អឹនទៅសង្កាត់អោយសំប៉ែត រួចយកទឹកស្ករមកលាបអោយសព្វ រួចយកទៅអាំងប្រហែល៥នាទីទៀត រួចយកមកតំរៀបដាក់ចានសម្រាប់ទទួលទាន និងស្រោចទឹកស្ករពីលើជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ចេកអាំងទឹកស្ករ :: Cam Location

Loading...
Loading...