កើតមកជាស្រី្តពិបាកណាស់! កត្តានេះហើយ ធ្វើឱ្យស្ត្រីកើតជំងឺមហារីកសុដន់

កើតមកជាមនុស្សស្រី​​ហាក់​មានការលំបាកបន្តិច ជាពិសេសជំងឺនានាដោយសារតែរាងកាយមនុស្សស្រីមានការប្រែប្រួលច្រើនជាងមនុស្សប្រុស។ បើនិយាយអំពីជំងឺមហារីកសុដន់វិញ ក្លាយជាជំងឺកាចសាហាវមួយលំដាប់លេខ២នៃជំងឺមហារីកដែលកើតលើស្ត្រី។

ថ្ងៃនេះ Healthy Cambodia នឹងលើឡើងបញ្ហាសំខាន់ៗនាំឱ្យកើតជំងឺមហារីកសុដន់ និងវិធីការពារពីជំងឺមួយនេះ។ យោងតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យកាល់ម៉ែតកម្ពុជាបានឱ្យដឹងថា អត្រានៃអ្នកជំងឺមហារីកសុដន់៖ ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ, ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ, ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ, ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦០ឆ្នាំ ឡើងទៅ។

សម្រាប់កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖ កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ), ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ, ស្ត្រីដែលប្រើថ្នាំពន្យាការមានរដូវ, បញ្ហាតំណរពូជ។

ម្យ៉ាងវិញទៀត ការញុំាក៏ជាកត្តាសំខាន់ផងដែរនាំឱ្យកើតជំងឺមហារីកសុដន់៖ អ្នកមិនសូវទទួលទានបន្លែ, អ្នកមិនបានហាត់កីឡា, អ្នកធាត់ខ្លាំង, អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ, ជក់បារី និងប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈដំណរពូជ)។

ចំណែករោគសញ្ញាសំខាន់ៗដែលអាចឱ្យយើងដឹងថាកំពុងកើតជំងឺនេះរួម៖ ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ, ស្បែកសុដន់រាងដូចសំបកក្រូច, ក្បាលដោះផតចូលក្នុង, ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង, ចេញទឹកដោះលាយឈាម និងមានកូនកណ្តុរនៅក្រោមឃ្លៀក។

ចំពោះការព្យាបាល​មន្ទីរពេទ្យកាល់ម៉ែតធ្លាប់បានបញ្ជាក់ថា ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន៖- ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល,- ការព្យាបាលដោយថ្នាំគីមី,- ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង,- ការព្យាបាលដោយ អរម៉ូន។

សូមបញ្ជាក់ថា សម្រាប់វិធីបង្ការកុំឱ្យកើតជំងឺមហារីកសុដន់យើងអាច ពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:- ថតគៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ ៤០ឆ្នាំទៅ។ ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់ ៦ខែម្តង ដោយធ្វើការគៀបដោះ អេកូដោះ។ ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្កាមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង៕

ប្រភពរូបថតពី៖មន្ទីរពេទ្យកាល់ម៉ែត

Leave a Reply

Your email address will not be published. Required fields are marked *